មួយជីវិតការម្តង ហៅសង្សារចាស់ទាំងអស់មកស៊ីការជុំគ្នា ឃើញហើយហួសចិត្តខ្លាំង
មានរឿងរ៉ាវមួយនាប្រទេសចិនកំពុងតែធ្វើឱ្យផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមាននារីម្នាក់បានហៅសង្សារចាស់ទាំងអស់មកជួបជុំគ្នាក្នុងថ្ងៃមង្គលការរបស់ខ្លួន ហើយឱ្យអង្គុយតុជាមួយគ្នា តែអ្វីដែលចាប់អារម្មណ៍ព្រះអើយមើលមួយភ្លែតស្មានតែកូនភ្លោះ ព្រោះមុខស្រដៀងគ្នា។
តាមព័ត៌មានបានឱ្យដឹងថា ស្រ្តីខាងលើនេះជាអ្នកស្រុក Hubei ប្រទេសចិន។ នាងបានសម្រេចចិត្តរៀបការសាងគ្រួសារ ក្រោយពីឆ្លងកាត់បទពិសោធស្នេហាជាមួយនឹងបុរស ៤ នាក់ ហើយអ្វីដែលគួរឱ្យហួសចិត្តនោះ នៅពេលថ្ងៃមង្គលការរបស់ខ្លួននាងបានអញ្ជើញសង្សារចាស់ទាំង ៤ នាក់នេះមកចូលរួម ហើយថែមទាំងឱ្យអង្គុយតុហូបអាហាររួមគ្នាទៀតផង។
បរិយាកាសនៅតុមួយនេះពិតជាខុសពីតុដទៃណាស់ ដោយបុរសទាំង ៤ នាក់ ហាក់ធ្វើខ្លួនមិនត្រូវឡើយ ដោយម្នាក់ៗអៀនខ្មាសៗមិនហ៊ានទាំងនិយាយរកគ្នា សូម្បីតែមុខសឹងមិនហ៊ានមើលផង។ យ៉ាងណាមិញ រឿងរ៉ាវមួយនេះពិតជាធ្វើឱ្យមហាជននៅតាមបណ្តាញសង្គមផ្ទុះសំណើចជាខ្លាំង ជាពិសេសក៏កាន់តែផ្ទុះសំណើចហួសចិត្តទៅទៀត ក្រោយសង្កេតឃើញបុរសទាំង ៤ នេះ មើលទៅមុខស្រដៀងៗគ្នា មើលមួយភ្លែតអាចច្រឡំថាជាកូនភ្លោះ។ គេក៏សរសើរនារីរូបនោះទៅទៀត ដែលមានចំណង់ចំណូលចិត្តស្រឡាញ់សង្សារសុទ្ធតែមុខដូចៗគ្នាបែបនេះ៕