យកឡានទៅឱ្យពួកម៉ាកជួសជុល សួរចេះតែមិនទាន់ធ្វើហើយ មានឯណា ៧ ឆ្នាំក្រោយទៅមើលសល់តែគ្រោងឆ្អឹង
ថ្មីៗនេះ ផ្ទុះរឿងរ៉ាវភ្ញាក់ផ្អើលមួយនៅប្រទេសថៃ ក្រោយម្ចាស់រថយន្ដម្នាក់បានចែករំលែកឱ្យដឹងពីរឿងរ៉ាវដែលខ្លួនយកឡានទៅធ្វើនៅកន្លែងមិត្តជិតស្និទ្ធ ហើយពេលទៅឆែកមើលរថយន្ដ ៧ ឆ្នាំក្រោយ សល់តែគ្រោងឆ្អឹង។
បុរសម្នាក់ឈ្មោះថា Rungthiwa Muangdee អាយុ ៤០ ឆ្នាំបានធ្វើកិច្ចសម្ភាសជាមួយសារព័ត៌មាន Khaosod បានរៀបរាប់ថា ៖ «កាលពីជាង ៧ ឆ្នាំមុន ឪពុកខ្ញុំបានយកឡានរបស់គាត់ Honda Civic ស៊េរីឆ្នាំ ១៩៩៥ ទៅជួសជុល និង លាបពណ៌គម្រប នៅយានដ្ឋានជួសជុលមួយកន្លែងស្ថិតក្នុងខេត្ត Nakhon Pathom ដែលជាកន្លែងរបស់មិត្តភក្ដិជិតស្និទ្ធរបស់គាត់»។
លោក Rungthiwa បានបញ្ជាក់ថា ៖ «ពេលយកទៅជួសជុល ឡាននោះគឺនៅប្រើប្រាស់បាននៅឡើយ គ្រប់យ៉ាងនៅដំណើរការល្អ ដោយគ្រាន់តែមានផ្នែកខ្លះត្រូវជួសជុល និង ផ្លាស់ប្ដូរ។ សម្រាប់ថ្លៃជួសជុលចំណាយអស់ជាង ១ ម៉ឺនបាត។ ដោយទុកចិត្តលើម្ចាស់យានដ្ឋានដែលជាមិត្តជិតស្និទ្ធ ឪពុកខ្ញុំក៏មិនសង្ស័យអ្វីហើយផ្ញើលុយឱ្យជារឿយៗ ពេលដែលសួរថាពេលណាឡានធ្វើហើយ គឺគាត់តែងបានចម្លើយរង់ចាំសិន នៅត្រង់នេះត្រង់នោះមិនទាន់ហើយ លុះរង់ចាំយូរៗទៅអស់ជាង ៧ ឆ្នាំ រហូតដល់ខ្ញុំទ្រាំលែងបាន ខ្ញុំក៏សម្រេចចិត្តទៅមើលដល់ទីតាំង តែអ្វីដែលហួសចិត្ត ពេលទៅដល់ សភាពឡានដែលបានឃើញគឺត្រូវទុកចោលឡើងច្រេះ ហើយផ្នែកជាច្រើននៃរថយន្ដត្រូវដោះចេញ សល់តែគ្រោងឆ្អឹងប៉ុណ្ណោះ»។
«ដោយខឹងខ្លាំងពេក ខ្ញុំក៏និយាយទៅម្ចាស់យានដ្ឋាននោះថា បើមិនជួសជុលទេ សុំតែផ្គុំដូចដើម ដើម្បីខ្ញុំយកទៅជួសជុលកន្លែងផ្សេង ព្រោះឪពុកខ្ញុំគាត់មិនចង់លក់ឡាននេះឡើយ ព្រោះតែវាជាឡានដំបូងក្នុងជីវិតគាត់។ យ៉ាងណាមិញអ្វីដែលស្ដាយគឺទំនុកចិត្ត និង ពេលវេលាដែលខាតបង់ទៅ ព្រោះនឹកស្មានមិនដល់»។
បន្ថែមពីនេះ Khaosod ក៏បានទាក់ទងសួរទៅកាន់ម្ចាស់យានដ្ឋាននោះហើយបានចម្លើយខ្លីៗថា ៖ «ឡាននោះនឹងបញ្ចប់ការជួសជុល និង ដំឡើងនៅសប្ដាហ៍ក្រោយ ហើយនឹងផ្ញើវាឱ្យមកវិញ ដែលចំណាយពេល ៧-៨ ឆ្នាំនេះ ព្រោះកន្លងមកម្ចាស់ឡានឱ្យលុយមិនគ្រប់ចំនួន ហើយការជួសជុលត្រូវចំណាយលុយ ខ្ញុំមិនអាចចេញលុយផ្ទាល់ខ្លួនជួសជុលឱ្យមុនបានទេ ខ្ញុំបើកយានដ្ឋានមក ២០ ឆ្នាំហើយ មិនដែលមានប្រវត្តិមិនល្អទេ»៕