គួរឱ្យអាណិត! កូនខ្ទីងមួយក្បាលជាប់អន្ទាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅភ្នំតាម៉ៅ
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា នៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៣ បានជូនដំណឹងឱ្យបានដឹងពីករណីកូនសត្វខ្ទីងមួយក្បាលបានរបួស និង ត្រូវបានជួយសង្គ្រោះនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ទាក់ទិនទៅនឹងរឿងនេះ Wildlife Alliance បានបញ្ជាក់ឱ្យបានដឹងថា សមាជិកសហគមន៍បានជួបប្រទះនឹងកូនសត្វខ្ទីងមួយក្បាលដែលបានជាប់អន្ទាក់ ក៏ទូរស័ព្ទមកកាន់អង្គការសម្ព័ន្ធមិត្តសត្វព្រៃដើម្បីសុំជំនួយ។
ក្រោយទទួលបានដំណឹង មគ្គុទ្ទេសនៅក្នុងសហគមន៍ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន-អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និង ពេទ្យសត្វបានសហការគ្នាជួយសង្រ្គោះ ហើយបានដឹកយកសត្វរងគ្រោះទៅកាន់ភ្នំតាម៉ៅ។
យ៉ាងណាមិញ បើតាមសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យបរិស្ថាន បានឱ្យដឹងថា កូនសត្វខ្ទីងខាងលើជាប់អន្ទាក់នៅទីតាំងជាមួយគ្នា និង សត្វខ្ទីងមួយក្បាលដែលក្រុមការងារជួយសង្គ្រោះកាលពីខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ ប៉ុន្តែបានស្លាប់៕