ពុ-ទ្ធោអើយ! បងប្អូន ៤ នាក់ អស់ជីវិតទាំងវ័យក្មេងក្នុងភ្លើងកំពុងឆេះផ្ទះ ព្រោះរកផ្លូវចេញមិនបាន
នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នេះ មានហេតុការណ៍អគ្គិភ័យមួយបានធ្វើឱ្យមហាជននឹកអាណិតអាសូរជាពន់ពេក ដោយមានបងប្អូន ៤ នាក់ ដេកឱបគ្នាស្លាប់នៅក្នុងភ្លើង ព្រោះផ្ទះត្រូវឆេះរកផ្លូវចេញមិនបាន គ្មានអ្នកជួយទាន់។
ហេតុការណ៍មួយនេះ បានកើតឡើងនាខេត្តផាត់ថាក់លុង ប្រទេសថៃ ដោយផ្ទះដែលឆេះគឺជាផ្ទះថ្មក្រោម និង ឈើខាងលើ។ ក្រោយពីអគ្គិភ័យបានរលត់ទៅ គេបានប្រទះឃើញសពក្មេងៗចំនួន ៤ នាក់ បានដេកស្លាប់យ៉ាងគួរឱ្យអាណិតនៅខាងមុខទ្វារ ដោយមាន ២ សពបានស្លាប់ផ្កាប់មុខ និង ២ សពទៀតបានស្លាប់ផ្ងារ។
យ៉ាងណាមិញ មូលហេតុសំខាន់ដែលធ្វើឱ្យជនរងគ្រោះទាំង ៤ នាក់ បានស្លាប់ក្នុងភ្លក់ភ្លើងបែបនេះ ត្រូវបានគេដឹងថាមកពីម្ចាស់ផ្ទះបានផ្សារដែកជាច្រើនភ្ជាប់ជុំវិញផ្ទះ ជាពិសេសនៅទ្វារ ក៏ចាក់សោរ ដើម្បីការពារសុវត្ថិភាពទៀត ព្រោះធ្លាប់មានចោរឡើងច្រើនដង ទើបធ្វើឱ្យជនរងគ្រោះពិបាកនឹងរកផ្លូវចេញ ខណៈពេលកំពុងកើតហេតុ ក៏បានដេកស្លាប់យ៉ាងអណោចអធ័ម។
យ៉ាងណាមិញ បុរសវ័យ ៤៩ ឆ្នាំ ដែលជាម្ចាស់ផ្ទះ បានរៀបរាប់ទាំងទឹកភ្នែកឱ្យដឹងថា ជនរងគ្រោះទាំង ៤ នាក់នេះ គឺកូន និង ចៅរបស់ខ្លួន។ អ្វីដែលគួរឱ្យខ្លោចចិត្តនោះគឺអ្នកស្រុកក៏បានព្យាយាមជួយជនរងគ្រោះផងដែរ ដែលពួកគេស្រែកយំទ្រហឹងអឺងកងពីក្នុងផ្ទះដើម្បីសុំជំនួយ តែគួរឱ្យសោកស្តាយអ្នកស្រុកមិនអាចជួយពួកគេទាន់ពេលវេលាឡើយ ព្រោះតែឆេះសន្ធោសន្ធៅពេក។ ដោយឡែក មូលហេតុបឋមនៃការឆេះត្រូវបានគេគិតថាមកពីការផ្ទុះកុងទ័រអគ្គិសនី តែយ៉ាងណាក៏ដោយខាងប៉ូលិសក៏កំពុងតែធ្វើការស៊ើបអង្កេតបន្តផងដែរ៕