សរសើរចេញពីចិត្ត! អ្នកផលិតវីដេអូ ឆម ស្រីផាច តែងធ្វើម្ហូប ចែកក្មេងៗក្នុងភូមិហូប គួរឱ្យសរសើរ
មួយរយៈចុងក្រោយនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវយុវតីខ្មែរមួយរូបមានឈ្មោះ ឆម ស្រីផាច ជាកូនអ្នកខេត្តបន្ទាយមានជ័យ និយាយរដឺនៗ និយមធ្វើមាតិការវីដេអូធ្វើម្ហូបបែបស្រុកស្រែ រហូតមានអ្នកទស្សនាខ្ទង់លាននាក់។
អ្វីដែលកាន់តែធ្វើឱ្យមហាជនកាន់តែស្រឡាញ់ចូលចិត្តទៀតនោះ អ្នកផលិតមាតិកាវីដេអូខាងលើតែងតែបានធ្វើម្ហូបឆ្ងាញ់ៗ ចែកជូនក្មេងៗក្នុងភូមិទទួលទានទៀតផង ដែលជាសកម្មភាពដ៏ប្រពៃ និងគួរឱ្យស្ញើចសរសើរបំផុត។ ជាក់ស្ដែងថ្មីៗនេះ ស្រីផាច បានធ្វើវីដេអូចែករំលែកនំបុ័ងដាក់សាច់ ប្រហិតចៀន បាយមាន់ ព្រមទាំងចែកខោអាវជាច្រើនពីសម្បុរសជនដល់ទៅកាន់ក្មេងៗក្នុងភូមិដោយក្ដីស្រឡាញ់យ៉ាងកក់ក្ដៅ។
គួរឱ្យដឹងផងដែរថា យុវតី ឆម ស្រីផាច បានដាក់ចិត្តដាក់កាយផលិតវីដេអូជាច្រើន ដូចជាការហូបរបស់ផ្សេងៗ រុករករបស់ធម្មជាតិហូប និង វីដេអូជាច្រើនទៀតនៅតាមជនបទបែបស្រុកស្រែចម្ការ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាស្រស់ស្រាយ និង ចូលចិត្តទស្សនាក្រៃលែង។ ទន្ទឹមនោះ កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ផេករបស់យុវតីខាងលើដែលមានឈ្មោះ Chhom Sreypach មានអ្នកតាមដានដល់ទៅមួយលាននាក់ ជាកត្តាលើកទឹកចិត្តឱ្យយុវតីរូបនេះផលិតវីដេអូបែបស្រុកស្រែបន្តទៀត គ្រាន់បម្រើអារម្មណ៍សាធារណជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមផងដែរ៕