ព្រិលធ្លាក់ខ្លាំងនៅជប៉ុន បង្កឱ្យមនុស្សស្ល-ា-.ប់កើនដល់ ១៧ នាក់ និង របួសរាប់សិបនាក់ទៀត
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបាននិយាយនៅថ្ងៃចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ ២០២២ នេះថា ព្រិលធ្លាក់ខ្លាំងនៅប្រទេសជប៉ុន បានសម្លាប់មនុស្សចំនួន ១៧ នាក់ ខណៈដែលមនុស្សជាង ៩៣ នាក់ទៀតបានរងរបួស និង បានធ្វើឱ្យផ្ទះរាប់រយខ្នងគ្មានអគ្គិសនីប្រើប្រាស់។
រដូវរងាក្នុងឆ្នាំនេះ បានធ្វើឱ្យមានព្រិលធ្លាក់ខ្លាំងនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសជប៉ុន ចាប់តាំងពីសប្តាហ៍មុន ដោយបានបណ្ដាលឱ្យយានយន្តរាប់រយគ្រឿងជាប់គាំងនៅលើផ្លូវហាយវេ ពន្យារពេលសេវាកម្មដឹកជញ្ជូន និង មានមនុស្សស្លាប់ដល់ ១១ នាក់ គិតត្រឹមថ្ងៃសៅរ៍ ទី ២៤ កន្លងទៅ។ យ៉ាងណាមិញ មកដល់ថ្ងៃទី ២៦ នេះ ព្រិលធ្លាក់កាន់តែខ្លាំង ដែលបានធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៧ នាក់ និង របួសដល់ ៩៣ នាក់។ នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងអគ្គិភ័យ និង គ្រោះមហន្តរាយបានរាយការណ៍។
ក្នុងចំណោមអ្នកស្លាប់មានមនុស្សមួយចំនួនគឺបានធ្លាក់ពីដំបូលផ្ទះ ស្របពេលដែលពួកគេឡើងទៅសម្អាតព្រិល ឬ ត្រូវកប់នៅក្រោមគំនរព្រិលដ៏ក្រាស់នោះ។ លើសពីនេះផ្នែកជាច្រើននៃភាគឦសាននៃប្រទេសជប៉ុនបានរាយការណ៍ថា ក្នុងរដូវរងាឆ្នាំនេះគឺមានព្រិលធ្លាក់ខ្លាំងជាងកម្រិតមធ្យមដល់ទៅបីដងឯណោះ។
បើយោងតាមក្រសួងសេដ្ឋកិច្ច និង ឧស្សាហ៍កម្មក៏បានឱ្យដឹងដែរថា ព្រិលធ្លាក់យ៉ាងគំហុកបានផ្ដួលរលំបង្គោលភ្លើងនៅកោះដ៏ធំ នៅចុងភាគខាងជើងប្រទេសជប៉ុន ដោយធ្វើឱ្យផ្ទះប្រជាជនប្រមាណ ២០០០០ ផ្ទះ គ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃទី ២៥ កន្លងទៅ។
ដោយឡែក ក្រសួងដឹកជញ្ជូនវិញបានឱ្យដឹងថា រថភ្លើង និង ជើងហោះហើររាប់សិបជើងក៏ត្រូវបានផ្អាកផងដែរនៅភាគខាងជើងនៃប្រទេសជប៉ុន រហូតដល់ថ្ងៃអាទិត្យទី ២៥ កន្លងទៅ ប៉ុន្តែសេវាកម្មមួយចំនួនក៏បានដំណើរការឡើងវិញជាបណ្ដើរៗហើយ៕
ប្រភព៖ CNA