សម្តេច ហ៊ុន សែន ឧបត្ថម្ភបេក្ខជនវ័យ ៥៦ ឆ្នាំ ដែលធ្លាក់បាក់ឌុប ១០ លានរៀល លើកទឹកចិត្តដល់ការរៀនពេញមួយជីវិត
កាលពីពេលកន្លងទៅថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការចាប់អារម្មណ៍នូវបេក្ខជនប្រឡងចាស់ជាងគេ មានអាយុ ៥៦ ឆ្នាំ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺអ្នកស្រី ហែម ស៊ីណាត មានលេខតុ 494 នៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ។
យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់ការប្រឡងរួចនោះ នៅថ្ងៃទី ២២ និង ២៣ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ លទ្ធផលក៏ត្រូវបានប្រកាសចេញ ដោយអ្នកស្រី ហែម ស៊ីណាត មិនបានទទួលលទ្ធផលល្អគាប់ប្រសើរឡើយ ដោយអ្នកស្រីបានធ្លាក់ក្នុងសម័យប្រឡងបាក់ឌុបឆ្នាំ ២០២២។
ស្របគ្នានឹងលទ្ធផលនេះដែរ បើតាមរយៈគណនីឈ្មោះ Lav Tola Serey Sophorn បានបញ្ជាក់ឱ្យបានដឹងដែរថា អ្នកស្រី ហែម ស៊ីណាត មិនបានចុះចាញ់ឡើយ ហើយថែមទាំងនិយាយទៀតថា ឆ្នាំក្រោយនឹងដាក់ពាក្យប្រឡងទៀត ដើម្បីបំពេញក្ដីស្រមៃធ្វើជាគ្រូបង្រៀន»។ ជាមួយនឹងការតាំងនេះទៀត បានធ្វើឱ្យមហាជនរំជួលចិត្ត និង បានលើកទឹកចិត្តអ្នកស្រីព្រោងព្រាតថែមទៀតផង។
ងាកមកមើលផេកហ្វេសប៊ុករបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាវិញ ក៏បានបង្ហោះសារលើកទឹកចិត្ត អ្នកស្រី ហែម ស៊ីណាត ផងដែរ ក្នុងនោះសម្តេចថែមទាំងបានឧបត្តម្ភអ្នកស្រីនូវថវិកាមួយចំនួនទៀតចំពោះការខិតខំតស៊ូរបស់អ្នកស្រី។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ដើម្បីលើកទឹកចិត្តដល់ការរៀនពេញមួយជីវិត ខ្ញុំសូមចូលរួមឧបត្ថម្ភដល់ប្អូនស្រី ហែម សុីណាត អាយុ ៥៦ ឆ្នាំ ដែលបានចូលប្រឡងបាក់ឌុបហើយធ្លាក់ នូវថវិកាចំនួន ១០ លានរៀល។ ជូនពរប្អូនស្រីប្រឡងជាប់នៅឆ្នាំ ២០២៣ ខាងមុខ»៕