ហ៊ានទៅទេ? ៧ កន្លែងលើពិភពលោក ពេលបានឈានជើងចូលដឹងតែព្រឺឆ្អឹងខ្នង ភ្នែកនៅកញ្ចឹង-ក
ពិភពលោកត្រូវបានគ្របដណ្ដប់ដោយកន្លែងដ៏ស្រស់ស្អាតប្លែកភ្នែកជាច្រើន ប៉ុន្តែក៏មានកន្លែងពោរពេញដោយភាពភ័យខ្លាច និង រន្ធត់ជាច្រើនដូចគ្នា។ ការតុបតែងធ្វើពីឆ្អឹងមនុស្ស តុក្កតាដ៏គួរឱ្យភ័យខ្លាច ទីក្រុងដែលគេបោះបង់ចោល និង កន្លែងដែលមានលាយឡំភាពភ័យរន្ធត់ពីធម្មជាតិ គឺពិតជាគួរឱ្យភ័យខ្លាចខ្លាំងណាស់ ហើយខាងក្រោមនេះជាកន្លែងទាំង ៧ ដែលគួរឱ្យខ្លាចបំផុតនៅជុំវិញពិភពលោក។
១. កោះតុក្កតា ទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក
Isla de las Muñecas របស់ប្រទេសម៉ិកស៊ិក ឬ «Island of Dolls» នៅ Xochimilco ភាគខាងត្បូងនៃទីក្រុងម៉ិកស៊ិក ជាកន្លែងដ៏គួរខ្លាចមួយ ដោយសារតែមានតុក្កតាខ្មោចជាច្រើនព្យួររណែងរណោងគួរឱ្យខ្លាចភ្លាប់ជាមួយដើមឈើ ប៉ុន្តែវាក៏បានក្លាយជាកន្លែងទេសចរណ៍មួយផងដែរ។ យោងទៅតាមរឿងព្រេងក្នុងស្រុក ពេលដែលអ្នកកាន់កាប់កោះបានប្រទះឃើញក្មេងស្រីលង់ទឹកនៅក្នុងព្រែក និង តុក្កតានៅក្បែរនោះ គេក៏ចាប់ផ្តើមព្យួរតុក្កតានៅជុំវិញកោះនោះតែម្តង ប៉ុន្តែគេមិនច្បាស់ទេថា តើការធ្វើដូច្នេះគឺដើម្បីគោរពក្មេងស្រី ឬ ដើម្បីបញ្ចៀសវិញ្ញាណអាក្រក់ណាមួយឡើយ។ យ៉ាងណាមិញ កោះនេះអាចចូលបានមានតែតាមរយៈទូកប៉ុណ្ណោះ។
២. Aokigahara នៅខេត្ត Yamanashi នៃប្រទេសជប៉ុន
Aokigahara ត្រូវបានគេស្គាល់ផងដែរថាជា «ព្រៃអត្តឃាត» ដែលស្ថិតនៅក្បែរភ្នំ Fuji របស់ប្រទេសជប៉ុន។ ទាក់ទងនឹងព្រៃនេះផងដែរ ក៏មានរឿងប្រលោមលោកដ៏ពេញនិយមមួយត្រូវបានបោះពុម្ពផ្សាយ ដែលវាបានធ្វើឱ្យមានអត្រាមនុស្សធ្វើអត្តឃាតច្រើនពី ៥០ ដល់ទៅ ១០០ នាក់ក្នុងមួយឆ្នាំ។
៣. Chernobyl នៃប្រទេសអ៊ុយក្រែន
Chernobyl គឺជាស្ថានីយថាមពលនុយក្លេអ៊ែរដែលត្រូវបានបិទចោល ហើយកន្លែងនេះត្រូវបានជម្លៀសមនុស្សចេញកាលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៨៦ ក្រោយពីមានឧបទ្ទវហេតុផ្ទុះនុយក្លេអ៊ែរដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រ។ បន្ទាប់មកសំណង់ដែលត្រូវបានបោះបង់ចោលនេះក៏បានក្លាយជាទីកន្លែងដែលគួរខ្លាចមួយនៅអ៊ុយក្រែន។
៤. សណ្ឋាគារ Stanley នៃរដ្ឋ Colorado សហរដ្ឋអាមេរិក
The Stanley Hotel គឺជាសណ្ឋាគារដែលគេស្គាល់ថា Colonial Revival ដែលមានបន្ទប់ចំនួន ១៤២។ វាក៏ជាកន្លែងដែលបានបំផុសគំនិតសម្រាប់អ្នកនិពន្ធ Stephen King’s Overlook Hotel នៅក្នុងរឿង «The Shining» ដែលជារឿងប្រលោមលោកដ៏ល្បីរន្ធត់មួយកាលពីឆ្នាំ ១៩៨០ ផងដែរ។
៥. Capuchin Catacombs នៃប្រទេស Italy
Capuchin Catacombs នៃ Palermo គឺជាកន្លែងកប់ខ្មោចនៅទីក្រុង Sicily ភាគខាងត្បូងនៃប្រទេសអ៊ីតាលី ដែលវាទាក់ទាញអ្នកទេសចរជាច្រើន ព្រោះតែភាពភ័យខ្លាចនៅទីនោះ។ វាក៏ជាទីបញ្ចុះសពម៉ាំមីប្រមាណជា ៨០០០ សព ហើយសាកសពចុងក្រោយត្រូវបានបញ្ចុះនៅទីនោះគឺកាលពីឆ្នាំ ១៩២០ ។
៦. មន្ទីរពេទ្យ Beelitz-Heilstätten នៃប្រទេសអាល្លឺម៉ង់
មន្ទីរពេទ្យនេះ គឺជាកន្លែងដែល អាដុល ហ៊ីត្លែរ ត្រូវបានព្យាបាលបន្ទាប់ពីគាត់រងរបួសក្នុងសង្គ្រាមលោកលើកទី ២ ប៉ុន្តែអគារពេទ្យនេះក៏ត្រូវបានគេបោះបង់ចោល ដែលភាគច្រើនកន្លែងដែលគួរឱ្យរន្ធត់ជាងគេគឺបន្ទប់វះកាត់។
៧. Sedlec Ossuary នៃសាធារណរដ្ឋឆេក
Sedlec Ossuary គឺជាវិហាររ៉ូម៉ាំងកាតូលិក ដែលត្រូវបានគេតុបតែងដោយប្រើគ្រោងឆ្អឹងមនុស្ស ហើយត្រូវបានប៉ាន់ស្មានថាមានគ្រោងឆ្អឹងយ៉ាងហោចណាស់ ៤០០០០ នាក់ ដោយត្រូវបានគេរៀបចំតុបតែងលម្អនៅក្នុងវិហារមើលទៅគួរឱ្យខ្លាច ប៉ុន្តែបច្ចុប្បន្ននេះតែវាបានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅសាធារណរដ្ឋឆេក៕
ប្រភព៖ US News & World Report