មិនមែនតែ FIFA ទេ កាតា ក៏ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតសម្រស់សត្វអូដ្ឋ CAMEL BEAUTY WORLD CUP
ខណៈពេលក្រុមជម្រើសជាតិនានា កំពុងធ្វើការប្រកួតប្រជែងលើទីលានបាល់ទាត់ នាពហុកីឡដ្ឋាននៃប្រទេសកាតា ប្រទេសជាម្ចាស់ផ្ទះនេះ ក៏បានរៀបចំធ្វើព្រឹត្តិការណ៍ប្រកួតសម្រស់សត្វអូដ្ឋ Camel Beauty World Cup ផងដែរ។
ព្រឹត្តិការណ៍មួយនេះ បានប្រព្រឹត្តធ្វើឡើងនៅឯ Qatar Camel Mzayen Club ក្នុងតំបន់ Ash-Shahaniyah។ មុនការប្រកាសជ័យជម្នះប្រចាំការប្រកួតប្រចាំថ្ងៃ សត្វអូដ្ឋញីមួយចំនួន ក៏ត្រូវបានយកមកប្រកួតច្របាច់យកទឹកដោះ ដោយម្ចាស់អូដ្ឋណាដែលយកបានទឹកដោះច្រើនជាងគេ នឹងទទួលបានប្រាក់រង្វាន់ចំនួនប្រមាណ ៥ ៥០០ ដុល្លារ។
ទោះជាយ៉ាងណា អ្នកចូលរួមក្នុងការប្រកួតប្រជែងសម្រស់សត្វអូដ្ឋតាមប្រភេទប្រចាំថ្ងៃនេះ គឺចាប់ក្រសែភ្នែកទៅលើការប្រកួតសម្រស់សត្វអូដ្ឋប្រភេទ Maghateer អាយុលើស ៤ ឆ្នាំ។ ក្នុងការប្រកួតនោះដែរ ក៏បានរកឃើញសត្វអូដ្ឋដែលឈ្នះ ទទួលបានប្រាក់រង្វាន់ប្រមាណជាង ៥ ម៉ឺនដុល្លារ ខណៈម្ចាស់របស់វាក៏ទទួលបានពានរង្វាន់សំរិទ្ធមួយ។ ម្ចាស់អូដ្ឋ ដែលមានសញ្ជាតិអារ៉ាប់ ឈ្មោះ Mohanna Ibrahim al-Anazi បានថ្លែងទាំងក្ដីរំភើបថា ៖«ខ្ញុំមិនដឹងនិយាយពីអារម្មណ៍ខ្ញុំបែបមិចទេពេលនេះ ព្រោះថាសត្វអូដ្ឋញីរបស់ខ្ញុំ គឺមានអ្នកទស្សនាគាំទ្រ មិនចាញ់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ WORLD CUP នោះឡើយ»។
គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ប្រកួតសម្រស់សត្វអូដ្ឋនេះ មានការចូលរួមពីសំណាក់បណ្ដាប្រទេសនានាជាច្រើន ដោយការប្រកួតគឺបានធ្វើឡើងដោយបែងចែកតាមប្រភេទផ្សេងៗគ្នា ទៅតាមអាយុ និង ប្រភេទពូជសត្វអូដ្ឋ។ មុនការប្រកួត សត្វអូដ្ឋទាំងនោះ គឺត្រូវបានយកទៅឆ្លុះ X-rays ពិនិត្យយ៉ាងល្អិតល្អន់ពីសំណាក់គណៈកម្មាការផ្នែកវេជ្ជសាស្ត្រ ដើម្បីធានាថា សត្វអូដ្ឋដែលចូលរួមប្រកួត គឺមិនមានការបន្លំការវះកាត់ ឬ ចាក់ Botox បំពេញសម្រស់នោះឡើយ៕