តាមពិតបែបនេះសោះ ទើបការប្រកួត FIFA World Cup យប់មិញ អ៊ីរ៉ង់មិនច្រៀងចម្រៀងជាតិខ្លួន
ការប្រកួតបាល់ទាត់ FIFA World Cup កាលពីយប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅក្នុងជំនួបជាមួយអង់គ្លេស អ៊ីរ៉ង់បានបដិសេធការច្រៀងចម្រៀងជាតិខ្លួនក្នុងការបើកកម្មវិធីដើម្បីជាការប្រឆាំងតវ៉ាទៅនឹងប្រទេសរបស់ពួកគេ។ ស្របគ្នានោះដែរអ្នកគាំទ្រជាច្រើននៅក្នុងកីឡដ្ឋានក៏បានស្រែក និង លើកស្លាកជាអក្សរថា «ស្រ្តី ជីវិត សេរីភាព»។
ការធ្វើបែបនេះ ក៏ព្រោះតែនាពេលថ្មីៗនេះ មានការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅអ៊ីរ៉ង់ ដែលត្រូវបានបង្កើតឡើង ដោយសារតែកាលពីខែ កញ្ញា កន្លងទៅ មាននារីអាយុ ២២ ឆ្នាំម្នាក់ឈ្មោះ Masha Amini បានស្លាប់ព្រោះតែប៉ូលិសបានឃុំខ្លួននាង ដោយសារតែនាងបានបំពានច្បាប់ដ៏តឹងរ៉ឹងពាក់ព័ន្ធការពាក់ស្បៃគ្របក្បាល។ បន្ថែមពីនោះ សកម្មជនសិទ្ធមនុស្សក៏បាននិយាយថា ក្នុងបាតុកម្មនោះ យ៉ាងហោចណាស់ក៏មានមនុស្សជាង ៤០០ នាក់ត្រូវបានសម្លាប់ និង ១៦៨០០ នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។
យ៉ាងណាមិញ នៅក្នុងពហុកីឡដ្ឋានកាលពីយប់មិញ អ្នកគាំទ្រក៏បានស្រែកថា «Be – Sharaf» ដែលមានន័យថាមិនគួរឱ្យគោរព ជាភាសា Persian ដែលនេះជាពាក្យសម្រាប់ក្រុមបាតុករប្រើប្រឆាំងនឹងកម្លាំងសន្តិសុខក្នុងប្រទេសអ៊ីរ៉ង់ និង មុនការប្រកួតប្រធានក្រុមអ៊ីរ៉ង់កីឡាករ Ehsan Hajsafi បាននិយាយថា កីឡាករទាំងអស់គាំទ្រដល់អ្នកដែលបានស្លាប់។ ចំណែកឯ គ្រូបង្វឹកលោក Carlos Queiroz វិញ ក៏បានបន្ថែមថាកីឡាកររបស់គាត់គឺមានសេរីភាពក្នុងការតវ៉ាលើសិទ្ធិស្ត្រីនៅក្នុងប្រទេសកំណើតរបស់ពួកគេ៕
ប្រភព៖ BBC