គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ វាយប្រហារប្រទេសឥណ្ឌូនេស៊ី ស្លា-.ប់របួសមនុស្សជាង ៣០០ នាក់
មនុស្សជាច្រើននាក់ បានបាត់បង់ជីវិត និង រាប់រយនាក់ផ្សេងទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារលើកោះ Java ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
យ៉ាងហោចណាស់មនុស្សចំនួន ៤៤ នាក់បានស្លាប់ និង ៣០០ នាក់ផ្សេងទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់មួយបានវាយប្រហារខេត្ត West Java ជិតទីក្រុង Cianjur នាវេលាម៉ោង ១ និង ២១ នាទីថ្ងៃ (ពេលវេលាក្នុងតំបន់)។
ហេតុការណ៍គ្រោះធម្មជាតិមួយនេះដែរ បានបង្កជាបំណាក់ដី និង បាក់រលំអគារជាច្រើន ដែលបណ្ដាលឱ្យមនុស្សរាប់រយនាក់ស្លាប់និងរបួសបែបនេះ។
គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីគឺជួបប្រទះនឹងគ្រោះរញ្ជួយដី និង បន្ទុះភ្នំភ្លើងជាញឹកញាប់។ ជាក់ស្ដែង កាលពីខែមករា ឆ្នាំកន្លងទៅ គ្រោះរញ្ជួយដីកម្រិត ៦.២ រ៉ីចទ័រ បានវាយប្រហារលើកោះ Sulawesi ដែលបណ្ដាលឱ្យមនុស្សជាង ១០០ នាក់ស្លាប់ និង រាប់ពាន់នាក់ផ្សេងទៀតបាត់បង់ទីជម្រក៕