ស្ថិតនៅចម្ងាយប្រមាណជាង ៣០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តសៀមរាប ត្រូវបានគេស្គាល់ថា ជាភូមិសាស្ត្រសម្បូរទៅដោយប្រាង្គប្រាសាទ ថែមទាំងសម្បូរទៅដោយកន្លែងកម្សាន្តជាច្រើនទៀតផង ដែលទើបតែបង្កើតថ្មីៗ មានទេសភាពស្រស់ស្អាត ស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និង ថតរូបលេង។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំ កន្លែងកម្សាន្តចំនួន ០៤ កន្លែង ដែលទើបតែបង្កើតឡើងថ្មីៗនៅខេត្តសៀមរាប ពេញនិយមសម្រាប់អ្នកចូលចិត្តថតរូប ដែលនៅទីនោះមានដូចជា ៖
១. ស្ពានពស់ អូរមានជ័យ
ស្ថិតនៅក្នុងភូមិអូរមានជ័យ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប «ស្ពានពស់ អូរមានជ័យ» ជាកន្លែងកម្សាន្តធម្មជាតិ ដែលមានបរិយាកាសស្ងប់ស្ងាត់ ស្រស់ស្រាយ និង ប្លែកអារម្មណ៍ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ និង ស្ពានវែងអន្លាយអូសកាច់កោងនៅលើវាលស្រែ លាតសន្ធឹងល្វឹងល្វើយ គួរជាទីមនោរម្យក្រៃលែង។
២. Angkor Wildlife and Aquarium
ឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោកមួយនេះ បានលេចវត្តមាននៅក្នុងទឹកដីអង្គរខេត្តសៀមរាប ដោយបានបើកឱ្យចូលទស្សនាជាផ្លូវការ នៅចុងខែតុលា ឆ្នាំ ២០២២ ជាអាងចិញ្ចឹមត្រី Aquarium ដែលមានវត្តមានជាលើកដំបូងនៅកម្ពុជា។
៣. ពើងតាពេជ្រ
ស្ថិតនៅភូមិពើងឆ័ត្រ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប «ពើងតាពេជ្រ» ជាតំបន់កម្សាន្តដែលមានទេសភាពធម្មជាតិ ជាប់ជើងភ្នំ អមដោយព្រៃព្រឹក្សាបៃតងព័ទ្ធជុំវិញ ស័ក្តិសមសម្រាប់ការគយគន់ថ្ងៃលិច ថ្ងៃរះ និង បោះតង់អាំងភ្លើង ជាលក្ខណៈគូស្នេហ៍ គ្រួសារ និង ការជួបជុំបែបមិត្តភក្តិ ជាដើម។
៤. The Scenery
The Scenery កំពុងមានវត្តមាននៅភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ តំបន់លម្ហែមួយនេះ ប្រកបទៅដោយទេសភាពស្រុកស្រែពណ៌បៃតងខៀវស្រងាត់ ពិសេសនារដូវវស្សានេះ មានកន្លែងលេងកម្សាន្តជាច្រើនផងដែរ ដែលមានដូចជាការគយគន់ទេសភាពវាលស្រែពណ៌ខៀវខ្ចីដ៏ធំល្វឹងល្វើយវែងអន្លាយរហូតដល់ជាប់ជើងភ្នំ ការជិះកង់មើលទិដ្ឋភាពក្នុងភូមិ ញ៉ាំនំបញ្ចុកសម្លខ្មែរ ជាដើម៕