ទិដ្ឋភាពសម្ដេចតេជោ និង មេដឹកនាំអាស៊ាន ជួបប្រជុំជាមួយអន្តរសភាអាស៊ាន នៅសណ្ឋាគារសុខាភ្នំពេញ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលប្រទេសសមាជិកអាស៊ាន បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
យោងតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ដែលបានរៀបចំឡើងនៅ រាល់កិច្ចប្រជុំកំពូលអាស៊ាន គឺជាជំនួបផ្លូវការកម្រិតខ្ពស់បំផុតរបស់អាស៊ាន និងអាយប៉ា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងដើម្បីពិភាក្សាស៊ីជម្រៅលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ក្នុងន័យឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ាន គឺសន្តិភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាមួយការពន្លឿន និងជំរុញឱ្យសម្រេចបាននូវសហគមន៍អាស៊ានមួយ និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេលអនាគត។
ប្រភពដដែលបានបន្ថែមទៀតថា ឆ្នាំ ២០២២ នេះ ជាកិច្ចប្រជុំលើកទី១១ ដែលសភាកម្ពុជា ទទួលរៀបចំ និងដឹកនាំកិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ខណៈកិច្ចប្រជុំលើកទី១ ត្រូវបានចាប់ផ្តើមអនុវត្តន៍ជាលើកដំបូង នាកិច្ចប្រជុំកំពូលអាស៊ានលើកទី១៤ នៅឆ្នាំ២០០៩ នៅខេត្តហ៊ួហ៊ីន ប្រទេសថៃ ក្រោមគំនិតផ្តួចផ្តើមរបស់សភាប្រទេសសមាជិកអាយប៉ា និងអាស៊ាន៕