ពីកម្ពុជាទៅស្វីស! សត្វឆ្កែ ០៥ ក្បាល មានសំណាងរួចជីវិត ពីកន្លែងសត្តឃាត ទៅរស់នៅប្រទេសស្វីស
FOUR PAWS ដែលជាអង្គការសង្គ្រោះ និងការពារសត្វ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានចែករំលែកពីស្ថានភាពរស់នៅរបស់សុនខនៅខ្មែរ ចំនួន ០៥ ក្បាល ដែលបានរួចជីវិតពីកន្លែងសត្តឃាតនៅកម្ពុជា និងបានទៅរស់នៅលើទឹកដីថ្មីនៃប្រទេសស្វីស កាលពីពីកន្លងទៅ។
FOUR PAWS បានរំឭកឱ្យដឹងថា នៅក្នុងខែកញ្ញា ក្រុមការងារបានហោះនាំយកឆ្កែចំនួន ០៥ ក្បាលដែលត្រូវបានជួយសង្គ្រោះពីប្រទេសកម្ពុជាទៅកាន់ ប្រទេសស្វីស។ ពួកគេស្ថិតក្នុងចំណោមឆ្កែ ៦១ ក្បាល ដែលបានជួយសង្គ្រោះពីទ្រុងយ៉ាងចង្អៀត ដែលគេកំពុងដឹកសំដៅទៅកន្លែងសត្តឃាត តែត្រូវបានបញ្ឈប់ដោយអាជ្ញាធរមូលដ្ឋាន ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។
បច្ចុប្បន្ន សុនខ ទាំង ០៥ មានឈ្មោះ Dogs Brinkman, Rhodey, Sassy, Shark និង Wanda បានតាំងទីលំនៅយ៉ាងល្អឥតខ្ចោះនៅក្នុងផ្ទះថ្មីរបស់ពួកវា នៅឯទីជំរកដៃគូក្នុងស្រុក Tierheim Paradiesli ។ ពួកវាកំពុងរីករាយនឹងការដើរនៅក្នុងតំបន់ក្បែរនោះ ហើយកំពុងធ្វើបានយ៉ាងល្អក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុថ្មី និងបរិស្ថានជុំវិញ។ នៅពេលនេះ ពួកវា កំពុងត្រូវបានរៀបចំដើម្បីរស់នៅជាមួយគ្រួសារ ដែលពួកវាអាចមានសុវត្ថិភាពជារៀងរហូត ពីការជួញដូរសាច់ឆ្កែនៅកម្ពុជា។
ខាង FOUR PAWS បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រសិនបើអ្នករស់នៅក្នុងប្រទេសស្វីស ហើយបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងភាពស្រស់ស្អាតទាំងនេះ។ សូមទាក់ទងទៅកាន់កន្លែងស្នាក់នៅដោយផ្ទាល់ ដើម្បីសាកសួរអំពីការសុំកូនចិញ្ចឹម៕