អាជ្ញាធរថៃ បណ្តេញអ្នកកាសែត CNN ២ រូប ចេញពីប្រទេស ក្រោយអ្នកទាំងពីរ បំពានចូលថតកន្លែងហាមឃាត់
ថ្មីៗនេះ អ្នកកាសែតរបស់សារព័ត៌មានល្បី CNN ចំនួនពីរនាក់ បានកំពុងត្រូវអាជ្ញាធរថៃឃាត់ខ្លួន និង ចោទប្រកាន់ថាបានបំពានក្រមសីលធម៌ប្រពន្ធផ្សព្វផ្សាយ ក្រោយពីពួកគេបានចូលទៅផ្តិតរូបភាពនៅកន្លែងកើតហេតុករណីបាញ់រះ នៅសាលារៀននៅខេត្ត Nong Bua Lam Phu ដែលផ្ទុះករណីបាញ់រះស្លាប់ ៣៩ នាក់នោះ ដោយគ្មានការអនុញ្ញាតិ។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា អ្នកកាសែតទាំងពីររូបនេះ ម្នាក់ឈ្មោះ Anna អាយុ ៤៧ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Daniel អាយុ ៣៤ ឆ្នាំ និង បានធ្វើដំណើរមកកាន់ប្រទេសថៃ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលជាថ្ងៃកើតហេតុ ការបាញ់រះនោះផ្ទាល់តែម្ដង។
ពួកគេ បាននាំគ្នាធ្វើដំណើរមកកាន់ខេត្ត Nong Bua Lam Phu រួចក៏បានចូលទៅផ្តឹតយករូបភាព នាកន្លែងកើតហេតុយកទៅចែកចាយ ទាំងដែលកន្លែងនេះ ជាកន្លែងដែលកំពុងត្រូវអាជ្ញាធរហាមប្រាម មិនឱ្យមានមហាជន ឬ សារព័ត៌មាន ណាមួយចូលទៅនោះទេ។ ក្រោយពីនោះ អ្នកកាសែតទាំងពីរ ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនទៅសួរនាំ ហើយក៏បានដឹងថា ពួកគេពិតជាបានចូលទៅកន្លែងកើតហេតុ ដោយគ្មានការអនុញ្ញាតិពិតមែន។
ក្នុងនោះ បើតាមឱ្យដឹងទៀតថា ពួកគេត្រូវបានអាជ្ញាធរដក Visa ទៅហើយ ហើយក៏អាចប្រឈមនឹងការប្តឹងរហូតអាចជាប់ពន្ធធនាគារទៀតផង ប៉ុន្តែពួកគេក៏សម្តែងការសុំទោសពីកំហុសរបស់ខ្លួនយ៉ាងអស់ពីចិត្ត ព្រមទាំងនិយាយពន្យល់អាជ្ញាធរសុំត្រលប់ទៅប្រទេសរបស់ខ្លួនវិញផងដែរ។
អាជ្ញាធរ ក៏បានអនុញ្ញាតិឱ្យពួកគេត្រលប់ទៅប្រទេសរបស់ខ្លួនវិញ ក្រោយរកឃើញថា ពួកគេមិនមានចេតនាមិនល្អណាមួយក្នុងរឿងនេះនោះទេ។ យ៉ាងណាមិញ ពួកគេក៏ត្រូវអាជ្ញាធរពិន័យជាប្រាក់ចំនួន ៥០០០ បាត ដែលស្មើរនឹង ១៣២ ដុល្លារផងដែរ ព្រោះតែចូលមកដោយប្រើ Visa អ្នកទេសចរណ៍ ទាំងដែលការពិត មកបំពេញការងារ។ ដោយឡែក ខាងសារព័ត៌មាន CNN ក៏បានចេញមុខថ្លែងសុំទោសប្រជាជនថៃរួចរាល់ហើយដូចគ្នា៕