លោក ផន ផល្លា សម្រេចចិត្ត ដាក់មេធាវី ការពារក្តីឱ្យឪពុករបស់ «ឆ្លាត» សង្ឈឹមឆ្លាត និងឪពុក បានជួបគ្នាវិញ
នាពេលថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ និងកើតក្ដីអាណិតអាសូរទៅដល់ក្មេងប្រុសដែលមានអាយុទើបតែ ២ ខួប ជួបប្រទះរឿងសមត្ថកិច្ចចាប់ខ្លួនឪពុក នៅនឹងមុខ ទាក់ទិនករណីសង្ស័យលួចឡាន និងត្រូវបានឃាត់ខ្លួនពីសំណាក់ កងរាជអាវុធហត្ថនៅខេត្តស្ទឹងត្រែង។
ក្រោយជួបរឿងបែបនេះ នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ នេះ តាមរយៈគណនីឯកឧត្តម ផន ផល្លា ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានបញ្ជាក់ឱ្យដឹងថា ៖ «ម្សិលមិញកូន ថ្ងៃនេះឪពុក ខ្ញុំសម្រេចចិត្ត ដាក់មេធាវី ការពារក្តីឱ្យឪពុករបស់ «ឆ្លាត» តែម្តង»។
បន្ថែមលើសពីនេះ ប្រធានអង្គការមណ្ឌលកុមារកំព្រាមែកឈើខាងលើ បានបង្ហោះរូបនៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ព្រមទាំងបានបញ្ជាក់ថា «លើកទីមួយ ក្នុងជីវិតរបស់ខ្ញុំ ដែលឈានជើងចូលតុលាការ សង្ឃឹមថា (ឆ្លាត និងឪពុករបស់គេបានជួបគ្នាវិញ)»។
យ៉ាងណាមិញ នៅរសៀលថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២២ នេះ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ក៏បានធ្វើការបំភ្លឺជូនសាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុកទាំងអស់ ឱ្យបានជ្រាបផងដែរថា កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ១២:២០ នាទី មានករណីចោរកម្ម លួចរថយន្ត ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយជនសង្ស័យមានឈ្មោះ ប៊ុន ទុំ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានធ្វើសកម្មភាពលួចរថយន្ត របស់ជនរងគ្រោះ ឈ្មោះ អ៊ុល សៀនវុទ្ធី ភេទ ប្រុស មុខរបរ មន្រ្តីកងរាជអាវុធហត្ថ។
ក្រោយពីទទួលបានព័ត៍មាន កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ ៩ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់រថយន្ត និងចាប់ខ្លួនជនសង្ស័យ ស្ថិតនៅចំណុចភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅថ្ងៃខែឆ្នាំដដែល បានធ្វើការប្រគល់ជនសង្ស័យ និងវត្ថុតាងទៅឲ្យកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី។
សេចក្ដីដូចបានជម្រាបជូនខាងលើនេះ ខាងស្នងការសូមឱ្យសាធារណជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក សូមកុំឱ្យមានការភាន់ច្រឡំ ពាក់ព័ន្ធករណីខាងលើ ពិតជាករណីចោរកម្មលួចរថយន្ត ពិតប្រាកដមែន៕