
កូនខ្មែរថែមរតក! យុទ្ធភណ្ឌខ្មែរទម្រង់បុរាណ រំលេចក្បូរក្បាច់ល្អវិចិត្រ ស្នាដៃលោក ជា វុទ្ធី វ័យ ៦៧ ឆ្នាំ មានតែមួយគ្មានពីរ
កន្លងមក មហាជនបានផ្ទុះការចាប់អារម្មណ៍ម្តងរួចមកហើយ បន្ទាប់ពីបានឃើញចម្លាក់ស្ពាន់បែបបុរាណខ្មែរយ៉ាងប្រណីត និង គួរឱ្យស្ញើចសរសើរបំផុត ដែលសម្រាំងចេញពីថ្វីដៃបុរសជើងចាស់មួយរូបដ៏ជំនាញឈ្មោះលោក ជា វុទ្ធី វ័យ ៦៧ ឆ្នាំ ដែលចម្លាក់ស្ពាន់ទាំងនោះមានដូចជា ផ្តិល កាទឹក និង វត្ថុផ្សេងៗទៀត ជាដើម។
យ៉ាងណាមិញ ថ្មីៗនេះមហាជនបានចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ជាថ្មីទៀតហើយទៅលើស្នាដៃរបស់លោក ជា វុទ្ធី តាមរយៈទម្រង់គ្រឿងយុទ្ធភណ្ឌបែបបុរាណខ្មែរ ដែលមានដូចជា កាំបិតផ្គាក់ ខ្វេវ ដាវ ព្រះខ័ន និង កាំបិតផ្សេងៗជាច្រើនទៀត ដែលមានការរចនាក្បូរក្បាច់ខ្មែរយ៉ាងល្អវិចិត្រ មើលទៅស្អាតខ្លាំង។ ស្នាដៃទាំងនេះរបស់លោក ជា វុទ្ធី នេះដែរ ក៏មានការគាំទ្រ និង លើកសរសើរយ៉ាងច្រើនពីមហាជន។
ទាក់ទិនទៅនឹងចម្លាក់ស្ពាន់បុរាណខ្មែរនេះ លោក ជា វុទ្ធី ដែលជាស្ថាបនិកចម្លាក់ស្ពាន់បុរាណខ្មែរ ដែលចាប់ផ្តើមតាំងពីឆ្នាំ ១៩៦៧ មានទីតាំងស្ថិតនៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញ្ញាឮ ខេត្តកណ្តាល បានពោលរៀបរាប់ឱ្យបានដឹងថា រូបលោកបានសិក្សារៀនសូត្រ និង ចាប់យកជំនាញចម្លាក់ស្ពាន់បុរាណខ្មែរនេះ អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ដើម្បីរក្សាឱ្យបាននូវជំនាញចម្លាក់ស្ពាន់បុរាណខ្មែរដោយដៃ ទុកជាអត្តសញ្ញាណជាតិ និង បេតិកភណ្ឌជាតិ សម្រាប់កូនខ្មែរជំនាន់ក្រោយបានសិក្សារៀនសូត្រ។
សម្រាប់ការចម្លាក់ស្ពាន់នេះដែរ គឺមានផលលំបាកច្រើន ដោយសារតែចម្លាក់ស្ពាន់បុរាណខ្មែរមានការពាក់ព័ន្ធក្បូរក្បាច់រចនាពីរបៀបរបបរបស់ប្រាសាទបុរាណ ទើបត្រូវការពេលវេលា ភាពអត់ធ្មត់ ការសម្រិតសម្រាំង ដើម្បីឱ្យចម្លាក់បុរាណស្ពាន់ចេញមកល្អប្រណីត។
ទន្ទឹមនោះ បុរសវ័យចំណាស់ ថែរក្សាមរតកកម្ពុជារូបនេះ បានបន្ថែមថា សម្រាប់វត្ថុធាតុដើមសម្រាប់ធ្វើចម្លាក់នេះ គឺបានទិញនៅក្នុងស្រុក។ ចំណែកឯចម្លាក់ស្ពាន់មានបែងចែកជាពីរប្រភេទ គឺស្ពាន់លឿង និង ស្ពាន់ក្រហម ហើយការចម្លាក់ស្ពាន់បុរាណនីមួយៗ គឺត្រូវប្រើរយៈពេលពី កន្លះខែទៅ ៣ ខែ តាមទំហំដែលភ្ញៀវបានកុម្ម៉ង់៕