នគរបាលត្រៀមជាស្រេចតាមគោលដៅសំខាន់ៗលើផ្លូវល្បឿនលឿន ករណីបើកលើសល្បឿនកំណត់
នៅព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃដំបូងហើយ នៃការដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ សាកល្បងដោយឥតគិតថ្លៃ រយៈពេលមួយខែពេញ ដោយគិតចាប់ពីព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ រហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
ទន្ទឹមទៅនឹងការបើកឱ្យដំណើរការប្រើប្រាស់ដោយឥតគិតថ្លៃ នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុនេះ នៅព្រឹកថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២២ នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានក្រើនរំឭកឱ្យអ្នកបើកបរ ក៏ដូចជាចរាចរណ៍នៅផ្លូវល្បឿនលឿន សូមកុំបើកបរលើសល្បឿនកំណត់ ខណៈនគរបាលចរាចរណ៍បានត្រៀមខ្លួនរួចជាស្រេចតាមគោលដៅសំខាន់ៗនៅលើផ្លូវល្បឿនលឿននេះ។
គួរឱ្យដឹងផងដែរថា ក្រោយចំណាយពេលជាង ៤០ ខែ ក្នុងការសាងសង់ផ្លូវល្បឿនលឿនថ្មី និង ដំបូង បំផុតក្នុងព្រះរាជាណាចក្រកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និង បានបើកឱ្យប្រើប្រាស់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាកល្បងប្រើប្រាស់ និង ទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។ ផ្លូវល្បឿននេះទៀតសោត មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និង ខេត្តកោះកុង៕