ល្បីរឿងតម្លៃម្ហូបនៅកៀនស្វាយក្រៅ ពេលនេះសមត្ថកិច្ចបានចុះសួរនាំអ្នកលក់ ទទួលបានការបកស្រាយបែបនេះ
ក្រុមការងារព័ត៌មាន និង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ បានធ្វើការឆ្លើយតបជូនសាធារណជនទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Je Phea ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា ៖ «រមណីយដ្ឋានកៀនស្វាយក្រៅឈ្មោះ ស្រស់ ស្រីលីន នៅកៀនស្វាយក្រៅ សូមអាជ្ញាធរស្រុកកៀនស្វាយ ខេត្តកណ្តាល មេត្តាជួយត្រួតពិនិត្យផង កន្លងមកមានបញ្ហារឿងតម្លៃច្រើនលើកមកហើយទៅលើកន្លែងកម្សាន្ត និង រមណីយដ្ឋានកម្សាន្តម្តុំកៀនស្វាយនេះ។ សូមលោកស្នងការខេត្តកណ្តាល ឯកឧត្តម ឈឿន សុចិត្រ មេត្តាជួយត្រួតពិនិត្យផង! (បង្កងហៅគិតឆ្នាំង ៦៥ ០០០៛) ដល់ពេលគិតលុយគិតជាគីឡូ 1kg=35$»។
ក្រោយពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកកៀនស្វាយ ស្រាវជ្រាវករណីខាងលើ ដែលជាលទ្ធផលនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២ ខាងកម្លាំងបានចុះទៅដល់ហាងយីហោឈ្មោះ ស្រស់ ស្រីលីន ដោយម្ចាស់ហាងមានឈ្មោះ គឹម ប៊ុននី ភេទប្រុស អាយុ ៥៧ ឆ្នាំ មានទីតាំងនៅរមណីយដ្ឋានវត្តកៀនស្វាយក្រៅ ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល និង បានសាកសួរពាក់ព័ន្ធករណីខាងលើ ដែលពេលនោះម្ចាស់ហាងបានបកស្រាយថា ៖ «នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១១:០០ នាទី មានភ្ញៀវមកអង្គុយលេងនៅគ្រែទឹករបស់គាត់ រួចបានកម្ម៉ង់ម្ហូបបង្កងចំនួន ២ ឆ្នាំងធំ មាន់ដុតមួយ ខ្ចងចំហុយ ជ្រូកព្រៃ បាយ ទឹកកក ទឹកសុទ្ធ ដោយឱ្យភ្ញៀវមើលតម្លៃមុខម្ហូបលើមីនុយសិនចាំកម្ម៉ង់មុខម្ហូប។ លុះដល់គិតប្រាក់ភ្ញៀវបានតវ៉ាលើមុខម្ហូប បង្កងចំនួន ២ ឆ្នាំងធំតម្លៃ ២៨០ ០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល)។ ភ្ញៀវក៏បានសុំឱ្យគិតប្រាក់មុខម្ហូបបង្កងតម្លៃស្មើម្ហូបជ្រូកព្រៃ គឺមួយឆ្នាំងតម្លៃ ៦៥ ០០០៛ (ប្រាំមួយម៉ឺនប្រាំពាន់រៀល) ២ ឆ្នាំង សរុបប្រាក់ ១៣០ ០០០៛ (មួយសែនបីម៉ឺនរៀល) ប៉ុន្តែម្ចាស់ហាងមិនព្រមក៏មានការប្រកែកគ្នាបន្តិច ក្រោយមកភ្ញៀវក៏បានព្រមឱ្យប្រាក់គ្រប់ចំនួន និង បានជិះរថយន្តចេញទៅបាត់ទៅ»។
ក្រោយទទួលបានលទ្ធផលបែបនេះ ខាងស្នងការក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ចំពោះម្ចាស់ហាងខាងលើ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ឱ្យរៀបតម្លៃមុខម្ហូបលើមីនុយឱ្យបានត្រឹមត្រូវ កុំឱ្យកើតមានរឿងហេតុយល់ច្រឡំនេះទៀត៕
ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល