ដំណឹងល្អ! ថៅកែពេជ្រ ទ្រី ដាណា ប្រកាសឧបត្ថម្ភប្រាក់ ១ ពាន់ដុល្លារ ជូនគ្រួសារយុវជន ២ នាក់បងប្អូន ទើបបញ្ចប់ការសិក្សា
នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ តាមរយៈផេកផ្លូវការ ថៅកែពេជ្រ ទ្រី ដាណា បានប្រកាសជូនថវិការ ឧបត្ថម្ភគ្រួសារយុវជនទើបបញ្ចប់ការសិក្សា ក្រោមដំបូលផ្ទះធ្លុះធ្លាយចំនួន 1000 $។
តាមរយៈគណនីរបស់ថៅកែពេជ្រផ្ទាល់ បានរៀបរាប់ស្ញើចសរសើរយុវជនទាំង ២ រូប និងអាណាព្យាបាលបែបនេះថា «សរសើរការតស៊ូរបស់ប្អូនទាំង ២ រឹតតែរំភើបចិត្តការលះបង់របស់ឪពុកម្ដាយពួកគាត់។ ជីវិតកើតមក វាសនាខុសគ្នា តែយើងមិនមែនបែបនេះរហូតទេ យើងអាចកែប្រែវាសនាបាន កុំផ្ដេកផ្ដួលទៅតាមភាពលំបាក ត្រូវតស៊ូជម្នះភាពលំបាក។ នៅពីក្មេង ខំប្រឹងរៀនសូត្រ ស្វែងរកចំណេះ ទើបអាចជួយខ្លួនឯង គ្រួសារ និងសង្គមជាតិបាន។ ពេលវេលាសម្រាប់មនុស្សម្នាក់ៗ នឹងដើរកាន់តែលឿន នៅពេលពេញវ័យ ចេះគិត ចេះពិចារណា ប៉ុន្តែបើទើបភ្ញាក់ខ្លួនពេលនោះ ក៏វារៀងជ្រុលពេលខ្លះទៅហើយ ដូចនេះកុំបណ្ដោយពេលវេលា អោយកន្លងហួសទៅ ត្រូវចាប់ផ្ដើមពីពេលនេះ ខ្ញុំពិតជាសរសើរ លោកពូ អ្នកមីង ទាំង ២ ណាស់ ទោះក្រលំបាកយ៉ាងណា ក៏ប្រឹងដើម្បីកូនបានរៀនសូត្រខ្ពង់ខ្ពស់ ហើយលោកពូ អ្នកមីងទាំង ២ ក៏មានសំណាងខ្ពស់ បានកូនខំតស៊ូ មិនចុះចាញ់វាសនា»។
គួររំឭកផងដែរថា នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បាននាំគ្នាផ្ទុះការសសើរព្រោងព្រាត ក្រោយយុវជនខ្មែរពីររូបខាងលើ បានបញ្ចប់ការសិក្សា និង ថ្លែងសេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណរបស់ខ្លួន ដែលលោកស្ថិតក្នុងជីវភាពមិនធូរធារ តែតស៊ូរ៉ាប់រងបន្ទុកឱ្យកូនបានបញ្ចប់ការសិក្សាទាំង ២ រូប គួរឱ្យគោរព និង ស្ញើចសរសើរបំផុត៕