ក្ដៅៗ! ករណីលិចទូកមានមនុស្ស ៤១ នាក់ រកឃើញគ្រប់ហើយ ក្រោយសា-ក-ស-ព ៨ នាក់ រកឃើញម្តុំកោះត្រល់
យោងតាមប្រភពព័ត៌មាន ដែលទទួលបានពីរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមម៉ោង ១៦ និង ៣០ នាទីរសៀល ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ មានករណីប្រទះឃើញសាកសពចំនួន ០៨ នាក់ បានអណ្ដែតទៅដល់ឆ្នេរសមុទ្រកោះត្រល់ ខាងប្រទេសវៀតណាម ដែលតាមការសន្និដ្ឋានសាកសពទាំងអស់នេះ គឺជាជនរងគ្រោះក្នុងករណីលិចទូក កាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ។
ដូច្នេះហើយ គិតត្រឹមម៉ោងនេះ ជនរងគ្រោះដែលជាជាតិចិនចំនួនសរុប ៤១ នាក់ ដែលជួបហេតុការណ៍លិចទូកកាលពីពេលកន្លងទៅថ្មីៗនេះ ត្រូវបានជួយសង្គ្រោះ និង រកឃើញគ្រប់ចំនួនហើយ ដោយក្នុងនោះ កម្ពុជាសង្គ្រោះ និង រកឃើញចំនួន ២៤ នាក់ (ស្លាប់ ០៣ នាក់) និង វៀតណាមសង្គ្រោះ និង រកឃើញចំនួន ១៧ នាក់ (ស្លាប់ ០៨ នាក់)។
សូមរំឭកផងដែរថា កាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ មានករណីលិចទូកចំនួន ០១ គ្រឿង ស្ថិតនៅចំណុច ១០.២៥N ១០៣.១៦E នៅចន្លោះពយសារី និង កោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដែលក្នុងនោះមានអ្នកដំណើរជាជនជាតិចិនសរុបចំនួន ៤១ នាក់ នៅលើទូកដែលបានលិច ខណៈអ្នកបើកទូក ០២ នាក់ ជាជនជាតិខ្មែរ បានគេចខ្លួន មុនពេលហេតុការណ៍លិចទូកនេះកើតឡើង៕
ប្រភព ៖ ក្រសួងព័ត៌មាន