ដីជ្រាយ ភ្លៀងខ្យល់ខ្លាំង ដើមឈើដួលរលំ សូមពលរដ្ឋ និង ភ្ញៀវទេសចរ មានការប្រុងប្រយ័ត្នខ្ពស់
អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ បានក្រើនរំឭកដល់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងដំណើរចូលទៅកម្សាន្តក្នុងរមណីយដ្ឋានអង្គរ ជាពិសេសពេលមានភ្លៀងធ្លាក់ខ្លាំង ត្រូវនៅឱ្យឆ្ងាយពីដើមឈើធំៗ កុំជ្រក ឬ ចតយានយន្តក្រោមដើមឈើ ដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុណាមួយ។
ខាងអាជ្ញាធរជាតិអប្សរា ក្រើនរំឭកបែបនេះ គឺដោយសារតែស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និង មានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។
ចំពោះស្ថានភាពបែបនេះ រមណីយដ្ឋានអង្គរ ក៏ទទួលបានទឹកភ្លៀងក្នុងកម្រិតខ្ពស់បណ្តាលឱ្យដីមានភាពទន់ជ្រាយ និង ទទួលរងនូវខ្យល់កន្ត្រាក់បក់បោកយ៉ាងខ្លាំង បណ្តាលឱ្យមានដើមឈើមួយចំនួនបានដួលរលំជាបន្តបន្ទាប់ ព្រមទាំងបង្កផលប៉ះពាល់ដល់ប្រាង្គប្រាសាទ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរទាំងឡាយដែលឆ្លងកាត់ ឬ ចូលទៅទស្សនាក្នុងរមណីយដ្ឋានអង្គរ៕