កុំឱ្យរត់ទៅមកច្រើនសា! ចង់ផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវភ្ជាប់ឯកសារទាំងនេះ ហើយមានតម្លៃបែបនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន ថ្មីៗនេះបានឆ្លើយតបទៅនឹងសំណួរដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និង សីហា ដែលបានសួរថា ៖ តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរតម្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់នេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យដឹងថា ឯកសារតម្រូវ ចំពោះបែបបទ និង នីតិវិធីផ្ទេរកម្មសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ មានដូចជា ៖
– ពាក្យសុំផ្ទេរកម្មសិទ្ធិ ដែលមានលេខកាល់លេខតួ ឬ លេខសាក់ស៊ី (ដែលចម្លងជាក់ស្តែងពីយានយន្ត)
– អត្តសញ្ញាណអ្នកលក់ និង អ្នកទិញ៖
*ពលរដ្ឋខ្មែរ ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម) និង ផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (លើកលែងទោចក្រយានយន្ត)
– លិខិតលក់ទិញ ត្រូវធ្វើឡើងនៅទីតាំងផ្តល់សេវាសាធារណៈ និង ចំពោះមុខមន្រ្តីមានសមត្ថកិច្ចផ្ទេរកម្មសិទ្ធិយានជំនិះ
– កិច្ចសន្យាធានា ដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលដែលខ្លួនរស់នៅ (ករណីមិនមានម្ចាស់ដើម)
– បង្កាន់ដៃពន្ធផ្លូវ (ក្នុងពេលប្រមូលពន្ធមធ្យោបាយយានយន្ត)
– ក្នុងករណីអាសយដ្ឋានបច្ចុប្បន្ន ខុសពីអាសយដ្ឋានដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវភ្ជាប់សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។
ដោយឡែក ចំពោះកម្រៃសេវាវិញ គឺបែងចែកបែបនេះ ៖
– ក្នុងរាជធានី-ខេត្ត ៤៨.០០០ រៀល
– ឆ្លងរាជធានី-ខេត្ត ១០១.០០០ រៀល
(មិនបូកបញ្ចូលពន្ធប្រថាប់ត្រា ៤%)។ ព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងលេខទូរសព្ទ 1275៕