ក្ដៅៗ! អាជ្ញាធរលើកទឹកចិត្ត បើក្រុមសង្គ្រោះអ្នកបាត់ខ្លួនពីការលិចទូកបានម្នាក់ នឹងទទួលបាន ២ លានរៀល
រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីប្រកាសដល់ក្រុមជួយសង្គ្រោះ ឬ ទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន ០១ នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២ លានរៀល។
រដ្ឋបាលខេត្តព្រះសីហនុប្រកាសបែបនេះ ក្រោយកាលពីវេលាម៉ោង ១០ និង ៣០ នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ មានករណីលិចទូកចំនួន ០១ គ្រឿង ស្ថិតនៅចំណុចនិយាមកាម ១០.២៥N ១០៣.១៦E នៅចន្លោះពយសារី និង កោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន ១៦ នាក់ និង មធ្យោបាយចំនួន ០២ គ្រឿង (១.៦០០ សេស ០១ គ្រឿង និង ៧០០ សេស ០១ គ្រឿង) ចេញទៅជួយសង្រ្គោះ និង សង្រ្គោះមនុស្សបានចំនួន ១៨ នាក់។
បច្ចុប្បន្នជនរងគ្រោះទាំង ១៨ នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និង កំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ២៣ នាក់បន្តទៀត៕
ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ