អ្នកលើទូកម្នាក់ ទម្លាយស្ថានភាពមុនពេលទូកលិច មានហេតុការណ៍ទាំងអស់នេះកើតឡើង
បុរសជនជាតិចិនម្នាក់ ដែលមានឈ្មោះ CHENGui Sheng ជាអ្នករួមដំណើរលើទូក ក្នុងហេតុការណ៍លិចទូកជាង ៤០ នាក់ នៅខេត្តព្រះសីហនុ បានរៀបរាប់ប្រាប់សមត្ថកិច្ចនូវស្ថានភាពមុនពេលលិចទូកឱ្យបានដឹងថា ដើមឡើយកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ពួកគេបានធ្វើដំណើរតាមរយៈកប៉ាល់លឿន ១ គ្រឿង ចេញពីប្រទេសចិន (កំពង់ផែក្វាង ចូវ) ហើយបានសាងមកធ្វើដំណើរលើទូកឈើ ១ គ្រឿងទៀត នៅអំឡុងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ នៅសមុទ្រអន្តរជាតិជាមួយ តៃកុងទូក ជនជាតិខ្មែរចំនួន ២ នាក់ និង បានធ្វើដំណើរបន្តនៅលើទូកឈើនោះ រហូតដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២។
នៅថ្ងៃខែដដែល ក្រោយពេលធ្វើដំណើរមិនបានប៉ុន្មាន ទូកឈើខាងលើបានខូច និង ធ្វើដំណើរទៅមុខមិនកើត ក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ស្រាប់តែមានទូកនេសាទ ១ គ្រឿងប្រភេទទូកអូស ពណ៌បៃតង មានមនុស្សចំនួន ៦ នាក់ បានមកទទួលយកតៃកុង ខ្មែរ ២ នាក់ នោះចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរប្រមាណ ៤១ នាក់ខាងលើនោះចោល ទើបបណ្ដាលឱ្យទូកនោះ បានលិចបាត់នៅកណ្តាលសមុទ្រ។
សូមរំឭកផងដែរថា កាលពីល្ងាចថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុការណ៍លិចទូកមួយគ្រឿង ដែលមានអ្នកទេសចរណ៍ជាជនជាតិចិន សរុបចំនួនប្រមាណ ៤១ នាក់ ពេលកំពុងបើកនៅក្នុងលម្ហសមុទ្រ នៅចន្លោះពយសារី និង កោះតាង ខេត្តព្រះសីហនុ ជារឿងដ៏គួរឱ្យរន្ធត់ និង ភ្ញាក់ផ្អើលបំផុត។
ក្រោយទទួលបាននូវដំណឹងដ៏រន្ធត់នេះ សមត្ថកិច្ចនាយកដ្ឋាននគរបាលការពារព្រំដែនទឹក និង ក្រុមសង្គ្រោះ បានចេញទៅអន្តរាគមន៍សង្រ្គោះមនុស្សបានចំនួន ១៨ នាក់ ទាន់ពេលវេលា និង បន្តស្វែងរកជនរងគ្រោះនៅបាត់ខ្លួនចំនួន ២៣ នាក់ទៀត៕
ប្រភព ៖ Fresh News