អាយុថ្លៃណាស់! បុរសម្នាក់ប្រទះឃើញនៅរស់រាន ក្រោយបាត់ខ្លួនអស់ ១៧ ថ្ងៃ ពេលគ្រោះរញ្ជួយដីនៅ Sichuan
កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ បុរសជាបុគ្គលិកស្ថានីយវារីអគ្គិសនីម្នាក់ នៅខេត្ត Sichuan ប្រទេសចិន ដែលបានបាត់ខ្លួនអស់រយៈពេល ១៧ ថ្ងៃ ក្រោយជួបប្រទះគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ត្រូវបានប្រទះឃើញនៅរស់រានមានជីវិត។
បើតាមការបញ្ជាក់ពីខាងមន្ទីរពេទ្យបានឱ្យដឹងថា បុរសសំណាងរូបនោះមានឈ្មោះថា Gan Yu អាយុ ២៨ ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ Sichuan University’s West China Hospital ក្នុងក្រុង Chengdu ខេត្ត Sichuan ដោយស្ថានភាពសុខភាពរបស់លោកគឺនឹងនរធម្មតា។
បើតាមការធ្វើរោគវិនិច្ឆ័យបឋមពីក្រុមគ្រូពេទ្យបានបង្ហាញថា លោក Gan មានការប៉ះទង្គិចជាលិកាមួយចំនួន ប្រេះឆ្អឹងជំនីរ និង ជើង រួមទាំងមានការឆ្លងមេរោគក្នុងខ្លួនធ្ងន់ធ្ងរ ដោយសារការជាប់នៅក្នុងព្រៃហាលភ្លៀងរយៈពេល ៩ ថ្ងៃ។
តាមសារព័ត៌មានចិនបានចេញផ្សាយថា នៅថ្ងៃមានគ្រោះរញ្ជួយដីនោះ លោក Gan និង មិត្តរួមការងាររបស់លោកម្នាក់ទៀតឈ្មោះ Luo Yong មិនបានចេញពីស្ថានីយវារីអគ្គិសនីឡើយ ដោយពួកលោកនៅចាំជួយធ្វើការសង្គ្រោះបឋមដល់មិត្តរួមការងារដទៃ រួមទាំងជួយទប់ស្កាត់លើទឹកជំនន់ដែលហូរចេញពីទំនប់ផង។ ក្រោយមកទៀត ពួកគេក៏បានព្យាយាមចាកចេញពីស្ថានីយនោះ ដោយដើររយៈពេលប្រមាណជា ២០ គីឡូម៉ែត្រ។
ទោះជាយ៉ាងណា លោក Gan ដែលមានបញ្ហាភ្នែកខ្លាំង បានបាត់វ៉ែនតារបស់លោក អំឡុងពេលជួបគ្រោះរញ្ជួយដីនោះ ហើយក៏ជួបការលំបាកក្នុងការស្វែងរកផ្លូវចេញពីភ្នំ។ លោក និង មិត្តភក្តិបានព្យាយាមធ្វើយ៉ាងណាបង្ហាញសញ្ញាឱ្យទៅដល់ក្រុមសង្គ្រោះ ដោយការដោះអាវចងជាប់មែកឈើ ហើយលើកគ្រវី ប៉ុន្តែមិនទទួលបានផលអ្វីនោះឡើយ។
ជម្រើសចុងក្រោយ ពួកគេក៏បានសម្រេចចិត្តថា ឱ្យលោក Gan នៅរង់ចាំកន្លែងនោះចុះ ដោយលោក Luo ដើរស្វែងរកគេឱ្យមកជួយ។ មុនចេញរកជំនួយ លោក Luo ក៏បានយកស្មៅក្រៀម និង ឫស្សី មកធ្វើជាគ្រែឱ្យលោក Gan ហើយក៏បានទុកផ្លែឈើព្រៃ និង ទំពាំងខ្លះៗឱ្យលោកបរិភោគបណ្ដោះអាសន្នផងដែរ។
រហូតមកដល់ថ្ងៃទី ០៨ ខែកញ្ញា លោក Luo ក៏ត្រូវបានក្រុមសង្គ្រោះប្រទះឃើញ ហើយ Luo ក៏បាននាំក្រុមសង្គ្រោះទៅជួយ Gan នៅក្នុងព្រៃ។ ដល់ថ្ងៃទី ១១ ខែកញ្ញា ក្រុមសង្គ្រោះបានទៅដល់ទីតាំងដែលលោក Gan ស្នាក់នៅ ប៉ុន្តែបែរជាមិនប្រទះឃើញលោកឡើយ ដោយឃើញត្រឹមខោអាវ និង ស្នាមដានជើងបន្សល់ទុកប៉ុណ្ណោះ។
មកដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ អាចថាជាសំណាងដ៏ធំធេងមួយ លោក Gan ត្រូវបានកសិករក្នុងភូមិម្នាក់ប្រទះឃើញ និង សង្គ្រោះយកទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ។ បច្ចុប្បន្ន ស្ថានភាពរបស់លោកគឺនឹងនរធម្មតាវិញហើយ ដែលនេះចាត់ទុកជាសំណាងរបស់លោក មានជីវិតថ្លៃអាចរស់រានក្នុងព្រៃរយៈពេលជាងកន្លះខែមកនេះ៕