សមត្ថកិច្ចចុះណែនាំ លែងឱ្យមានដាក់កន្ទេល អង្រឹងជួល នៅតាមឆ្នេរសាធារណៈទៀតហើយ
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ តាមរយៈផេក ប្រជាជនខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា មានពលរដ្ឋអ្នកលក់ដូរមួយចំនួនចាប់យកទីលើដីឆ្នេរសាធារណៈក្នុងក្រុងព្រះសីហនុ ដាក់ចងអង្រឹង ឬ ក្រាលកន្ទេលទុកសម្រាប់ឱ្យអ្នកទេសចរជួល ដោយមានបងប្អូនជាច្រើនអាចនិយាយថាលង់ខ្លួន ព្រោះលិចឮថាអង្រឹងមួយមានតម្លៃ ១ ម៉ឺន ខ្លះ ១ ម៉ឺន ៥ ពាន់រៀលក៏មាន។
ចំពោះសកម្មភាពបែបនេះ គឺខុសពីគោលការណ៍ដែលអាជ្ញាធររៀបចំទុកជាឆ្នេរសាធារណៈ ឱ្យប្រជាពលរដ្ឋអ្នកទេសចរមកលេងកម្សាន្តគ្មានការបង់ប្រាក់។ ដូច្នេះហើយ នៅថ្ងៃ ២២ កញ្ញា ឆ្នាំ ២០២២ លោក សរ កក្កដា អភិបាលក្រុង បានចាត់លោក ជួប សីហា មន្ត្រីសាលាក្រុងដឹកនាំកម្លាំងសហការជាមួយមន្ត្រីមន្ទីរបរិស្ថាន និង អាជ្ញាធរសង្កាត់ ចុះហាមឃាត់មិនឱ្យមានសកម្មភាពបែបនេះឡើយ។
ក្នុងនោះ បើតាមការឱ្យដឹងពីលោក ជួប សីហា បានបញ្ជាក់ថា ទី ១ ហាមមិនឱ្យមានដាក់តុ កៅអី លក់ដូរលើដីឆ្នេរសាធារណៈ ឬ ការចាប់យកទីសម្រាប់ដាក់កន្ទេល និង អង្រឹងជួល។ ទី ២ ហាមមិនឱ្យដាក់រ៉ឺម៉កលក់ដូរ ឬ សង់រោងលក់ដូរលើចំណីផ្លូវក្បែរឆ្នេរ និង ទី ៣ បំផុសចលនាឱ្យពលរដ្ឋ អ្នកទេសចរចូលរួមសម្អាតបរិស្ថាន ពេលមកលេងកម្សាន្តតាមឆ្នេរសមុទ្រ៕
រូបភាព ៖ ប្រជាជនខេត្តព្រះសីហនុ