ផ្អាកចរាចរណ៍បណ្ដោះអាសន្ន នៅក្នុងស្រុកភ្នំស្រុក ព្រោះពេលនេះមានទឹកជន់លិចខ្លាំង
កាលពីល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ អាជ្ញាធរប្រកាសផ្អាកធ្វើចរាចរណ៍ជាបណ្ដោះអាសន្នទៅលើរថយន្តធុនធំគ្រប់ប្រភេទ ដែលឆ្លងកាត់កំណាត់ផ្លូវខេត្ត ២៦៨ A ពីចំណុចព្រៃមាន់ ទៅអាងត្រពាំងថ្ម ព្រោះតែទឹកជំនន់នៅស្ពានតាម៉ុក អន្លង់វែង បានធ្លាក់មកជន់លិចដល់ស្រុកភ្នំស្រុក។
លោក សុខ រិទ្ធី អភិបាលរងស្រុកភ្នំស្រុកបានប្រាប់ថា ទឹកជំនន់បានជន់លិចផ្លូវខេត្តលេខ ២៦៨ A ចាប់ពីព្រៃមាន់ ដល់អាងត្រពាំងថ្ម ស្រុកភ្នំស្រុក ដែលមានចំនួន ៣ កន្លែង ប្រវែងជាង ២០០ ម៉ែត្រ ហើយមានកន្លែងខ្លះជម្រៅជាងកន្លះម៉ែត្រ ដោយត្រូវបានលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និង មន្ត្រីជំនាញ រួមជាមួយអាជ្ញាធរចុះពិនិត្យមើលនៅថ្ងៃដដែលនោះ។
ស្របពេលជាមួយគ្នានេះដែរ លោកបានបញ្ជាក់ថា ស្រុកភ្នំស្រុក មាន ៦ ឃុំស្មើ ១០ ភូមិ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ហើយមានប្រជាពលរដ្ឋ ២១៤២ គ្រួសារ ស្មើនឹង ៩៧៩៧ នាក់ (ស្រី ៤.៩២០ នាក់) ដោយទឹកជំនន់បានលិចស្រូវភាគច្រើន ដែលជាស្រូវជិតប្រមូលផលមានផ្ទៃដី ៩៩៣០ ហិកតា លិចសាលារៀនចំនួន ១១ កន្លែង លិចវត្តចំនួន ២ កន្លែង លិចផ្លូវហូរកាត់មាន ៣៨ ខ្សែប្រវែង ១៨២០១ ម៉ែត្រ។ ដូច្នេះលោកសូមឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលទឹកជំនន់ធ្លាក់ពីស្ពានតាម៉ុក ស្រុកអន្លង់វែង មកលិចនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ៕