ផ្ទុះករណីដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទ ដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យ ពេលនេះស្នងការឱ្យស៊ើបភ្លាមៗ
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាផ្ទុះការចាប់អារម្មណ៍ទាក់ទិនទៅនឹងករណីនគរបាលចរាចរណ៍ធ្វើការផាកពិន័យបុរសម្នាក់ ជាអ្នកបើកកង់បីដឹកទំនិញ ម្ដុំចំណុចរង្វង់មូលស្ពានជ្រោយចង្វារ ពាក់គន្លឹះមិនត្រឹមត្រូវ តម្រូវឱ្យបង់ប្រាក់ផាកពិន័យ ៥ ម៉ឺនរៀល។
ក្រោយការឃាត់ផាកពិន័យ អ្នកបើកកង់បីបានបញ្ជាក់ថា រូបគេមានប្រាក់តែ ៤៥០០ រៀលប៉ុណ្ណោះ នៅក្នុងហោប៉ៅ ហើយមានតែទូរស័ព្ទមួយគ្រឿង មានតែយកទៅដាក់បញ្ចាំ។ ក្រោយលើកឡើងបែបនេះ ដំណោះស្រាយនេះក៏ត្រូវបាននគរបាលចរាចរណ៍ឯកភាព ហើយក៏ដឹកតាមម៉ូតូនាំអ្នកបើកកង់បីទៅបញ្ចាំទូរស័ព្ទបាន ៦ ម៉ឺនរៀល រួចក៏ដកលុយ ៥ ម៉ឺនរៀលឱ្យប៉ូលិស និង ទុក ១ ម៉ឺននៅក្នុងខ្លួន ដែលធ្វើឱ្យមហាជននាំគ្នាហួសចិត្ត កើតក្ដីងឿងឆ្ងល់គ្រប់ៗគ្នាចំពោះសកម្មភាពបែបនេះ។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈសារព័ត៌មានក្នុងស្រុក Fresh News បានឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យបើកការស្រាវជ្រាវលើករណីនេះ ខណៈលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និង ជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅរសៀលនេះថា ៖ «ខ្ញុំកំពុងធ្វើការងារនេះយ៉ាងយកចិត្តទុកដាក់បំផុត ជារួមឯកឧត្តមស្នងការ គាត់មិនដែលលើកលែងហើយក៏មិនដែលអនុគ្រោះឲ្យមន្ដ្រីអនុវត្តខុសរបៀបនេះឡើយ ឲ្យតែខុសយើងត្រូវអនុវត្តតាមវិន័យ ខុសយើងត្រូវតែដាក់ពិន័យ ប៉ុន្ដែបើមន្ដ្រីធ្វើល្អ យើងតែងតែមានការលើកសរសើរផ្ដល់ឋានន្ដរស័ក្ដិ និង តួនាទី ជាដើម តែបើខុសយើងត្រូវតែអនុវត្តវិន័យកងកម្លាំង»៕