កម្ពុជា ចង់សម្រួលឱ្យពលរដ្ឋថៃនៅខេត្តជាប់ព្រំដែន មកលេងសៀមរាប-អង្គរ ដោយមិនបាច់ប្រើប៉ាស្ព័រ
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យបានដឹងថា ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងអំពីយោបល់មួយ គឺសំណើស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី ២ (បន្ទាប់ពីខេត្តទី ១ ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។
ទាក់ទិនទៅនឹងរឿងនេះ ថ្នាក់ដឹកនាំក្រសួងបានលើកឧទាហរណ៍ថា ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រ ពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលមកខេត្តសៀមរាបទៀតបាន។
ទន្ទឹមនោះ ឯកឧត្ដម ហោ សារុន បានថ្លែងថា ៖ «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។ ឯកឧត្ដមរដ្ឋលេខាធិការបានបន្តថា ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែមពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅ តាមខេត្តជាប់ព្រំដែនកម្ពុជា។
គួរឱ្យដឹងផងដែរថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖
– ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។
– ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។
– ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ។
– ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ។
– ខេត្តស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង។
– ខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និង ខេត្តបៃលិន។
– ខេត្តត្រាត (Trat) ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និង ខេត្តកោះកុង៕
ប្រភព ៖ ក្រសួងទេសចរណ៍