បិណ្ឌ ៤ ទៅហើយក្ដី តែវត្តមួយ នៅស្រុកទឹកឈូ កំពុងខ្សត់ចង្ហាន់ខ្លាំង
រដូវកាន់បិណ្ឌបានមកដល់ ពុទ្ធសាសនិកជន នៅកម្ពុជា តែងនិយមជួបជុំគ្នាធ្វើបុណ្យរាប់បាត ប្រគេនចង្វាន់ជូនព្រះសង្ឃ តាមទីអារាមនានា យ៉ាងគគ្រឹកគគ្រេង ឧទ្ទិសកុសល្យជូនដល់បុព្វការីជន ជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។
ទន្ទឹមទៅនឹងការចូលរួមធ្វើបុណ្យប្រគេនចង្ហាន់ព្រះសង្ឃតាមទីវត្តអារាម យ៉ាងច្រើននេះ ស្រាប់តែវត្តមួយដែលមានទីតាំងក្នុងភូមិសាស្ត្រខេត្តកំពត បានឱ្យដឹងថាកំពុងខ្វះចង្ហាន់ទៅវិញ សង្ឃឹមញាតិញោម ចូលរួមឧបត្ថម្ភចង្ហាន់ប្រគេនព្រះសង្ឃប្រមាណ ១៦ អង្គ នៅក្នុងវត្ត។
បើតាមការឱ្យដឹងពី ព្រះចៅអធិការវត្ត មុនីសុខារាម បានឱ្យដឹងថា មកទល់នឹងបិណ្ឌ ៤ ទៅហើយ វត្តមុនីសុខារាម ដែលមានទីតាំងស្ថិតក្នុងភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត កំពុងខ្វះចង្ហាន់ និងសង្ឃឹម ញាតិញោមចូលរួមឧបត្ថម្ភចង្ហាន់ នៅវត្តមុនីសុខារាម ដែលញាតិញោមអាចប្រគេន និងចូលរួមប្រគេនឧបត្ថម្ភទៅតាមសទ្ធាជ្រះថ្លា៕