រំជួលចិត្ត! មហាក្សត្រិយានី Elizabeth ll និង ព្រះអង្គម្ចាស់ Philip ជាស្វាមី សុគតមុនក្រោយគ្នាតែ ១ ឆ្នាំ
ពិតជាដំណឹងមួយដ៏សែនសង្រោកសង្រែងក្រៃលែងសម្រាប់មហាជនស្ទើរទូទាំងពិពភពលោក នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២២ នេះ ព្រះមហាក្សត្រិយានី Elizabeth ll ស្តេចគ្រប់គ្រងនៃប្រទេសអង់គ្លេស បានយាងចូលព្រះទិវង្គត នាជន្មាយុ ៩៦ ព្រះវស្សា។
ក្នុងនោះ ប្រជាជនអង់គ្លេស ក៏ដូចជាមហាជនបាននាំគ្នារំឭកពីវីរភាពរបស់ទ្រង់ ដែលជាក្សត្រិយានីមួយអង្គដ៏មានព្រះអំណាចឥទ្ធិពល គ្រប់គ្រងអាណាចក្រអង់គ្លេសអស់រយៈពេលជាង ៧០ ឆ្នាំ ប្រកបដោយសុខសន្តិភាព។
ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលព្រះជីវប្រវត្តិផ្ទាល់ព្រះអង្គ ជាពិសេសព្រះជីវប្រវត្តិស្នេហារបស់ទ្រង់វិញ គេឃើញថាក្សត្រិយានីទ្រង់បានរៀបអភិសេកប្រើប្រាស់ជីវិតគូជាមួយនឹងព្រះអង្គម្ចាស់ Philip អស់រយៈពេលជាង ៧៣ ឆ្នាំ។ ក្នុងនោះ ទ្រង់ទាំងពីរព្រះអង្គ ក៏មានបុត្រាបុត្រីចំនួន ៤ ព្រះអង្គជាព្រះចំណងដៃផងដែរ។
យ៉ាងណាមិញ ស្នេហារបស់ទ្រង់ទាំងពីរ ពិតជាគួរឱ្យរំជួលចិត្តមិនតិចឡើយ ដោយក្នុងនោះទ្រង់បានជួបគ្នាដំបូងនៅសកលវិទ្យាល័យ Britannia Royal Naval ពេលដែលព្រះអង្គ Philip ព្រះជន ១៨ វស្សា និង ក្សត្រិយានី Elizabeth ll ព្រះជន ១៣ វស្សា។ អាចនិយាយបានថា ស្នេហារបស់ក្សត្រទាំងគូគឺជាស្នេហាឃើញភ្លាមស្រឡាញ់ភ្លែត ព្រោះតាំងពីបានជួបគ្នាម្តងមក ទ្រង់ទាំងពីរក៏បាននិយាយឆ្លើយឆ្លងសារជាមួយគ្នារហូត ក្នុងអំឡុងសង្រ្គាមលោកលើកទីពីរ។
ក្រោយមក ក្រោយពីបានមើលចិត្តគ្នាអស់រយៈពេលយូរគួរសម ទ្រង់ក៏បានរៀបអភិសេកជាមួយគ្នានៅក្នុងឆ្នាំ ១៩៤៧ ហើយបានឆ្លងកាត់ព្យុះភ្លៀងជាមួយគ្នាអស់ជាង ៧៣ ឆ្នាំ រហូតដល់នៅខែមេសា ឆ្នាំ ២០២១ កន្លងទៅនេះ ព្រះអង្គម្ចាស់ Philip ក៏សោយទិវង្គតយាងទៅមុនមហាក្សត្រិយានីនៅព្រះជន្មាយុ ៩៩ ព្រះវស្សា។ ចំណែកមកដល់ ថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២២ នេះ ទ្រង់ Elizabeth ll ក៏បានសោយទិវង្គតទៅតាមក្រោយទៀត នៅជន្មាយុ ៩៦ ព្រះវស្សា ដែលពិតជាធ្វើឱ្យមហាជនរំជួលចិត្តយ៉ាងខ្លាំង ព្រោះទ្រង់ទាំងពីរក៏បានយាងទៅជួបគ្នានៅទីកន្លែងដែលសមគួរហើយ៕