ព្រះអង្គម្ចាស់ Charles ក្លាយជាមហាក្សត្រនៃចក្រភពអង់គ្លេស ក្រោយមហាក្សត្រិយានី Elizabeth II ចូលទិវង្គត
ព្រះអង្គម្ចាស់ Charles នឹងឡើងសោយរាជ្យបន្ត ក្លាយជាព្រះមហាក្សត្រ King Charles III នៃចក្រភពអង់គ្លេស ក្រោយការចូលទិវង្គតរបស់ព្រះមាតាទ្រង់ មហាក្សត្រិយានី Elizabeth II។
បើតាមការបញ្ជាក់ពី Clarence House រាជដំណាក់របស់ព្រះម្ចាស់ Charles នាថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Charles នឹងសោយរាជ្យ ក្លាយជា King Charles III។ ព្រះអង្គ នឹងធ្វើការប្រកាសសោយរាជ្យជាព្រះមហាក្សត្រជាផ្លូវការ នៅឯរាជវាំង St James នាទីក្រុងឡុងដុង ចក្រភពអង់គ្លេស ក្នុងពេលវេលាឆាប់ៗខាងមុខនេះ។
គួរឱ្យដឹងថា ព្រះអង្គម្ចាស់ Charles បច្ចុប្បន្នមានព្រះជន្មាយុ ៧៣ ព្រះវស្សា បានប្រសូតនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ១៩៤៨ ក្នុងព្រះបរមរាជវាំង Buckingham។ ព្រះអង្គ ជាព្រះបុត្រាច្បងនៃព្រះមហាក្សត្រិយានី Elizabeth II និង ព្រះអង្គម្ចាស់ Philip។
គួររំឭកផងដែរថា នៅរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ ប្រជាពលរដ្ឋនៅចក្រភពអង់គ្លេស ក៏ដូចជាថ្នាក់ដឹកនាំ និង បណ្ដាមហាជនពាសពេញពិភពលោក បាននាំគ្នាសម្ដែងការកាន់ទុក្ខ ចំពោះដំណឹងដ៏មហាក្រៀមក្រំនៃការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា នៅឯវិមាន Balmoral Castle នៃប្រទេស Scotland៕