អព្ភូតហេតុ! មានឥន្ទធនូ ២ ជាន់លេចឡើងលើរាជវាំង ចំពេលមហាក្សត្រិយានី Elizabeth II ចូលទិវង្គត
បាតុភូតឥន្ទធនូ ២ ជាន់ បានរំលេចខ្លួនឡើងពីលើរាជវាំង Buckingham អមជាមួយឥន្ទធនូមួយផ្សេងទៀតនៅឯវិមាន Windsor Castle កាលពីរសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ (វេលាម៉ោងក្នុងតំបន់) ដែលជាហេតុធ្វើឱ្យពលរដ្ឋអង់គ្លេសមានជំនឿជឿថា នេះគឺជាសញ្ញា ដែលព្រះមហាក្សត្រិរីយានី Elizabeth II ប្រាប់ដល់ពួកគេថា ព្រះអង្គបានចាកចេញពីពួកគេមែនទែនហើយ។
នារសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ មិនយូរប៉ុន្មានក្រោយការប្រកាសដំណឹងសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth II ស្រាប់តែមានបាតុភូតឥន្ទធនូរំលេចខ្លួនឡើងលើព្រះបរមរាជវាំង ហាក់បង្ហាញឱ្យពលរដ្ឋជាច្រើនដែលនាំគ្នាឈររង់ចាំដំណឹងទាំងភ័យព្រួយខាងក្រៅវាំងនោះ ដឹងច្បាស់ប្រាកដណាស់ថា ព្រះមហាក្សត្រិយានី បានចាកចេញពីពួកគេហើយ។
ដោយឡែក ចំពោះបាតុភូតមួយនេះដែរ ពលរដ្ឋអង់គ្លេសមួយចំនួនទៀត ក៏បានលើកឡើងដែរថា នេះគឺជាសញ្ញា ដែលបង្ហាញថា ព្រះមហាក្សត្រិយានី Elizabeth បានយាងទៅជួបជុំគ្នាវិញជាមួយព្រះអង្គម្ចាស់ Phillip នៅឯទីឋានបរមសុខខាងលើនោះហើយ។
គួររំឭកថា ព្រះមហាក្សត្រិយានី Elizabeth II បានយាងសោយទិវង្គតនារសៀលថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២២ (វេលាក្នុងតំបន់) ក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា នៅឯវិមាន Balmoral Castle នាប្រទេស Scotland៕