ក្ដៅៗ! សម្ដេច ហ៊ុន សែន ស្នើឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីកម្មវិធី Miss Grand Cambodia
នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន ២ នៅច្រមុះជ្រូកក្បាលថ្នល់ និង ស្តុបស៊ិនជូរីផ្លាហ្សា ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ទន្ទឹមនឹងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទាំង ២ ជាផ្លូវការ សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាផ្លូវថ្នល់ និង ប្រសាសន៍សំណេះសំណាលជាច្រើនជាមួយជនរួមជាតិ។ ក្នុងនោះ សម្តេច ក៏បានរំលេចពីបញ្ហាបវរកញ្ញាផងដែរ ដោយបានស្នើឱ្យលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ពិនិត្យឡើងវិញរឿងបវរកញ្ញានេះ។ សម្តេច បានមានប្រាសាសន៍ថា ៖ «ហៅគ្នាមកធ្វើការ ដោយតំណាងបាវិត តំណាងប៉ោយប៉ែតសុទ្ធតែល្បែង នោះគឺបានលុបចោលហើយ ប៉ុន្តែតំណាងស្ទឹងត្រែងត្រូវបានគេទាត់ចោល ហើយអ្វីដែលសំខាន់គឺស្រែកឡេឡូពេញទឹកពេញដី ដែលនេះជាភារកិច្ចរបស់ក្រសួងវប្បធម៌ធ្វើការភ្លាមៗ»។
បន្ថែមលើសពីនេះ សម្ដេច បានបន្តឱ្យដឹងទៀតថា ៖ «ថ្ងៃក្រោយសូមឱ្យមើលរឿងហ្នឹងឡើងវិញតិច ខ្ញុំមិនថាខុសត្រូវយ៉ាងម៉ិចទេ ក៏ប៉ុន្តែមតិមហាជនគឺសម្ដែងនូវការសោកស្ដាយ ត្រូវស្ដាប់សំឡេងនេះផង ហើយធ្វើការកែតម្រូវ»។
សម្ដេចបានបន្តថា ៖ «ក្មួយៗ ដែលជាអ្នកទៅសម្ដែងគឺពុំមានកំហុសទេ គឺឱ្យសម្ដែងយ៉ាងម៉ិច គឺសម្តែងអ៊ីចឹង គេឱ្យស្លៀកអី ត្រូវស្លៀកតាមគេ បើមិនស្លៀកតាមគេវាមិនត្រូវស្តង់ដារប្រកួត អ៊ីចឹងមិនខុសក្មេងៗអ្នកទៅប្រកួតទេ វាខុសអ្នកចាត់ការអ្នកដឹកនាំ»៕