កម្របានដឹង! ភូមិអណ្ដែតទឹក នៅកំពង់លួង ធ្លាប់ជាកន្លែងចតទូករបស់ស្ដេច តាំងពីមុនរជ្ជកាលស្តេចច័ន្ទរាជា
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះ បានបញ្ជាក់ឱ្យដឹងពីរឿងរ៉ាវប្រវត្តិយូរលង់ នៃសហគមន៍ភូមិអណ្តែតទឹក កំពង់លួង ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។
ទាក់ទិនទៅនឹងប្រវត្តិនៃរឿងរ៉ាវ បើតាមប្រសាសន៍លោកតា ប៉ាច់ ប៉ុន ជាព្រឹទ្ធាចារ្យម្នាក់ មានអាយុ ៦៣ ឆ្នាំ រស់នៅភូមិបន្ទាយក្រង ស្រុកក្រគរ បានឱ្យដឹងថា ៖ «កាលដើមឡើយ កំពង់លួង គឺជាកំពង់ទឹករបស់ស្តេចសម្រាប់ចតទូក ទូកក្តោង ឬ សំពៅ តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជា មកម៉្លេះ។ លុះមកដល់រជ្ជកាលស្តេច ច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ស្តេចដដែល (យើងបានធ្វើសឹកសង្រ្គាមជាមួយសៀម ពេលនោះសៀមបានលើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ ១៥៣០ តែពុំបានសម្រេច)»។
លោកតាវ័យ ៦៣ ឆ្នាំខាងលើ បានបន្តឱ្យដឹងទៀតថា ក្នុងដំណាក់កាលកើតសង្រ្គាម ព្រះច័ន្ទរាជា បានភៀសខ្លួនច្រើនលើកច្រើនសារ មកគង់ប្រថាប់នៅខេត្តពោធិ៍សាត់ (កាលពីដើម គេហៅថាខេត្តក្រគរ) ដោយយាងតាមទូក ទូកក្តោង សំពៅ (យាងតាមបឹងទន្លេសាប មកសំចតកំពង់លួងក្នុងស្រុកក្រគរ) ឬ តាមជើងគោក ដោយ សេះ ដំរី រទេះគោ រទេះសេះ ដែលរហូតមកដល់សព្វថ្ងៃ មានកន្លែងខ្លះ ហៅថា «ផ្លូវហ្លួង» ដើម្បីព្រះអង្គមកប្រថាប់នៅទីនេះ បន់ស្រន់ដល់វីរបុរសខ្មែរ ឧកញ៉ា ឃ្លាំង មឿង និង តាមបណ្តាវត្តដែលខ្លាំងពូកែ ដូចជា វត្តពោធិ៍មានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹកដីខេត្តពោធិ៍សាត់។ មានពេលខ្លះព្រះអង្គយាងមកលម្ហែកាយមួយរយៈ តាមកាលនឹងវេលាដែលអាចយាងមកបាន៕
ប្រភព ៖ ក្រសួងទេសចរណ៍