ចែកគ្នាដឹង! ស្ពានអាកាស ២ ជាន់ថ្មីនៅក្បាលថ្នល់ ប្រើពេលសាងសង់ ៣ ឆ្នាំ មានតម្លៃជាង ៣៦ លានដុល្លារ
មន្ទីរសារធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះ បានឱ្យដឹងនូវព័ត៌មានលម្អិតនៃគម្រោងសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និង ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងនោះ បើតាមការបញ្ជាក់ពីខាងមន្ទីរ បានឱ្យដឹងថា គម្រោងខាងលើសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ដោយគ្រោងចំណាយថវិកាចំនួន ៣៦ ៧៧៥ ០០០ ដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៣៦ ខែ។
ដោយឡែក ជាលក្ខណៈបច្ចេកទេស នៃផ្លូវថ្នល់ផ្ទាល់ដី ស្ពានអាកាសជាន់ទី ១ និង ជាន់ទី ២ មានដូចជា ៖
១. ផ្លូវថ្នល់ផ្ទាល់ដី
មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា។
២. ស្ពានអាកាសជាន់ទី ១
ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា នៃមហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និង វិថីកងយោធពលខេមរភូមិន្ទ។
៣. ស្ពានអាកាសជាន់ទី ២
មានប្រវែង ១,២០០ ម៉ែត្រ x ទទឹងពី ១៤.០០ ម៉ែត្រ ទៅ ១៥.៨០ ម៉ែត្រ) ជាផ្លូវទ្វេទិស មានទិសដៅទៅមករវាង មហាវិថីព្រះមុនីវង្ស និង មហាវិថីសម្តេចតេជោ ហ៊ុន សែន មានគន្លងចរាចរណ៍ ៤ គន្លងផ្លូវ (២គន្លងទៅ និង ២គន្លងមក ដែលម្ខាងមាន ២ គន្លងផ្លូវសម្រាប់រថយន្ត មានទំហំ ៣.២៥ ម៉ែត្រ ទៅ ៣.៧០ម៉ែត្រ)៕
ប្រភព ៖ មន្ទីរសារធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ