(វីដេអូ) ឥណ្ឌាកម្ទេចអគារកម្ពស់ ៤០ ជាន់ពីរខ្នងមិនស្តាយ លាន់សន្ធឹកគួរឱ្យខ្លាច ផ្អើលមនុស្សមួយទីក្រុង
កាលពីថ្មីៗនេះ ឥណ្ឌាមានការកម្ទេចបំផ្លាញអគាររហូតដល់ពីរខ្នងកម្ពស់ ៤០ ជាន់ព្រមៗគ្នាមិនស្តាយឡើយ ដោយសារតែរកឃើញថា ម្ចាស់បានសាងសង់ខុសទៅនឹងច្បាប់ច្រើនយ៉ាង។
បើតាមព័ត៌មានបានឱ្យដឹងថា អគារពីរខ្នងនេះមានឈ្មោះថា Apex និង Ceyane មាន ៤០ ជាន់ កម្ពស់រហូតទៅដល់ ១០៣ ម៉ែត្រ ព្រមទាំងមានទីតាំងស្ថិតនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា ហើយវាត្រូវបានគេកម្ទេចចោលកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយប្រើគ្រាប់បំផ្ទុះទម្ងន់ជាង ៣ ៧០០ គីឡូក្រាមឯណោះ។
មុនការបំផ្ទុះកម្ទេចអគារទាំងពីរនេះមួយថ្ងៃ អាជ្ញាធរបានជម្លៀសប្រជាជននៅម្តុំនោះចេញទាំងអស់ ទើបធ្វើប្រតិបត្តិការបំផ្ទុះដោយប្រើរយៈពេលត្រឹមតែ ១២ ទៅ ១៥ នាទីប៉ុណ្ណោះ ហើយវាគឺជាសំណង់ធំបំផុតក្នុងប្រទេសដែលត្រូវបានគេកម្ទេច។
ដោយឡែក ចំណែកមូលហេតុនៃការកម្ទេចវិញត្រូវបានគេឱ្យដឹងថា ដោយសារតែវាត្រូវបានសាងសង់ឡើងខុសនឹងច្បាប់សំខាន់ៗជាច្រើនប្រការ ទើបធ្វើឱ្យការតុលាការចេញច្បាប់កម្ទេចចោលតែម្តង។ ហេតុការណ៍នៃការបំផ្ទុះ ត្រូវបានទូរទស្សន៍ក្នុងស្រុកជាច្រើនចែកចាយពាសពេញ ដោយគេឃើញអាគារទាំងពីរព័ទ្ធជិតទៅដោយផ្សែងពណ៌ស មុននឹងត្រូវស្រុតចុះមកដល់ដីភ្លាមៗ ហើយផ្លូវផ្សេងៗនៅម្តុំនោះ ក៏ត្រូវបានគេបិទជិត ចំណែកប្រជាជនគឺអនុញ្ញាតឱ្យចូលផ្ទះវិញបាននៅម៉ោង ៥ ល្ងាច ក្រោយពីការបំផ្ទុះហើយផងដែរ។
យ៉ាងណាមិញ បើទោះជាមានអគារខុសច្បាប់ជាច្រើននៅក្នុងប្រទេសក៏ដោយ ប៉ុន្តែគេមិនសូវឃើញឥណ្ឌាចេញច្បាប់កម្ទេចឡើយ ទើបតែអគារពីរខ្នងនេះប៉ុណ្ណោះ ដែលត្រូវកម្ទេចយ៉ាងមិនប្រណី៕
សូមទស្សនាវីដេអូខាងក្រោម៖