អ្នកវិទ្យាសាស្រ្តថា ផ្ទាំងទឹកកកអណ្តែតនៅតំបន់ Greenland នឹងរលាយធ្វើឱ្យទឹកសមុទ្រឡើងខ្ពស់ពេលដ៏ខ្លីខាងមុខ ហើយគ្មានវិធីបញ្ឈប់វាទេ
ផ្ទាំងទឹកកកដែលប្រេះបែក អណ្ដែតពាសពេញតំបន់ទឹកកក Greenland នឹងហូរចូលសមុទ្រធ្វើឱ្យកម្រិតទឹកសមុទ្រជាសកលហក់ឡើងខ្ពស់នាងពេលដ៏ខ្លីខាងមុខនេះ ហើយការស្រាវជ្រាវថ្មីបានលើកឡើងទៀតថា គ្មានវិធីសាស្ត្រណាបញ្ឈប់វាបាននោះឡើយ បើទោះបីជាពិភពលោកបានបញ្ឈប់ការឡើងកំដៅផែនដីនៅពេលនេះក៏ដោយ។
តាមការសិក្សាថ្មីរបស់ Nature Climate Change ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ បានរកឃើញថា បំណែកផ្ទាំងទឹកកកជាច្រើន ដែលបែកចេញពីផ្ទាំងទឹកកកធំនៅតំបន់ Greenland នឹងបណ្ដាលឱ្យកម្រិតទឹកសមុទ្រហក់ឡើងយ៉ាងហោចណាស់ ២៧ សង់ទីម៉ែត្រ។
ក្រុមអ្នកស្រាវជ្រាវមកពី Geological Survey of Denmark និង តំបន់ Greenland បានរកឃើញថា ការផ្លាស់ប្ដូរនៃបរិមាណក្នុង និង ជុំវិញតំបន់ Greenland រួមទាំងការរលាយទឹកកកគឺជាកត្តាចម្បងដែលជំរុញឱ្យមានការផ្លាស់ប្ដូរនេះ។ តាមទ្រឹស្តីដែលបានរកឃើញ អ្នកវិទ្យាសាស្ត្រ អាចកំណត់ថា ប្រមាណជា ៣.៣ ភាគរយនៃផ្ទាំងទឹកកកនៅ Greenland ដែលស្មើនឹងចំនួន ១១០ ទ្រីលានតោននៃទឹកកក ជៀសមិនផុតទេនឹងត្រូវរលាយ ខណៈផ្ទាំងទឹកកកបានរងប្រតិកម្មនឹងបម្រែបម្រួលដែលកំពុងកើតមាននេះរួចទៅហើយ។
គួរឱ្យដឹងថា អ្នកវិទ្យាសាស្ត្រមិនបានបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ ប៉ុន្តែពួកគេបានព្យាករណ៍ថា បម្រែបម្រួលនៃកម្រិតទឹកសមុទ្រអាចកើតមានឡើងក្នុងចន្លោះពេលឥឡូវនេះ និង នៅចុងសតវត្សរ៍ខាងមុខ៕
ប្រភព៖ CNN