ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ និង ស្តុបស៊ីនជូរីផ្លាហ្សា បើកការដ្ឋានសាងសង់ខានស្អែកនេះហើយ
មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២ នេះ បានជូនដំណឹងឱ្យបានដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស នៅច្រមុះជ្រូកក្បាលថ្នល់ និង ស្តុបស៊ិនជូរីផ្លាហ្សា នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ។
ទន្ទឹមនោះ ខាងមន្ទីរសូមឱ្យប្រជាពលរដ្ឋ យោគយល់អធ្យាស្រ័យ និង ពង្វាងចរាចរនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន ចន្លោះពីវិថីកងយោធពលខេមរភូមិន្ទ ដល់មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២។
គួររំឭកផងដែរថា កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ មន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យបានដឹងថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ ទីតាំង ដូចខាងក្រោម ៖
១. សាងសង់ស្ពានអាកាស នៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថីព្រះមុនី្នវង្ស និង វិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)
២. សាងសង់ស្ពានអាកាស នៅទីតាំងស្តុបស៊ិនជូរីផ្លាហ្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្សី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និង ផ្លូវលេខ ២០១១៕