អ្នកដំណើរព្រលឹងចុងសក់ ខណៈអ្នកបើកយន្តហោះ ២ នាក់វាយគ្នា អំឡុងពេលបើកយន្ដហោះ
អ្នកបើកបរយន្តហោះ Air France ចំនួន ២ រូប ត្រូវបានផ្អាកពីការងារភ្លាមៗ ក្រោយកើតមានជម្លោះវាយតប់គ្នានៅក្បាលយន្តហោះប្រភេទ Airbus A320 អំឡុងពេលកំពុងហោះហើរពីតំបន់ Geneva ទៅកាន់ទីក្រុងប៉ារីស។
តាមការចេញផ្សាយរបស់សារព័ត៌មានបារាំង Tribune នាថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅបានឱ្យដឹងថា អ្នកបើកបរយន្តហោះក្រុមហ៊ុន Air France ២ រូប បានកើតមានជម្លោះប្រវាយប្រតប់គ្នាលើយន្តហោះ Airbus A320 អំឡុងពេលកំពុងធ្វើដំណើរពីតំបន់ Geneva ទៅកាន់ទីក្រុងប៉ារីសកាលពីខែមិថុនា កន្លងទៅ។
ជម្លោះមួយនេះដែរ កើតមានឡើងខណៈពេលដែលជំនួយការបើកយន្តហោះ បដិសេធមិនព្រមធ្វើតាមការណែនាំរបស់ captain របស់ខ្លួន។ តាមការបញ្ជាក់របស់អ្នកបើកបរយន្តហោះម្នាក់បានឱ្យដឹងថា ការប៉ះទង្គិចគ្នានោះគឺគ្រាន់តែកើតឡើងដោយអចេតនាប៉ុណ្ណោះ ប៉ុន្តែអ្នកបើកម្នាក់ទៀតថា គឺបំណងទះកំផ្លៀងពេញទី។ ក្រោយមក អ្នកបើកបរទាំង ២ ក៏បានហក់រកគ្នា ចាប់ទាញកអាវរៀងខ្លួន រហូតបង្កជាការប្រវាយប្រតប់កើតឡើង។
ភ្លាមៗ បុគ្គលិកបម្រើការលើយន្តហោះ បានចូលទៅក្បាលយន្តហោះ ក្រោយឮសំឡេង ហើយក៏ធ្វើការសម្រួលអ្នកបើកបរទាំង ២ រូបនោះ។ រហូតមកដល់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២២ នេះ អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air France បានចេញមកបញ្ជាក់ពីព័ត៌មានជុំវិញជើងហោះហើរមួយនោះ ដោយទម្លាយថា ដំណើរការហោះហើរគឺសុវត្ថិភាពធម្មតា ប៉ុន្តែមិនបានបញ្ជាក់ឱ្យលម្អិតពីមូលហេតុបណ្ដាលឱ្យកើតមានជម្លោះនោះឡើយ។
គួរបញ្ជាក់ថា អ្នកបើកបរយន្តហោះទាំង ២ រូបនោះ បច្ចុប្បន្នត្រូវបានផ្អាកលែងឱ្យធ្វើការហោះហើរបន្តទៀត និង រង់ចាំការសម្រេចចិត្តពីអ្នកគ្រប់គ្រង ជុំវិញបញ្ហាទង្វើមិនសមគួររបស់ពួកគេ៕