បន្ទាន់ណាស់! ឥណ្ឌារកឃើញជំងឺឆ្លងថ្មី «ផ្តាសាយប៉េងប៉ោះ» កំពុងផ្ទុះឆ្លងក្មេងៗព្រាត
ថ្មីៗនេះ ក្រសួងសុខាភិបាលរបស់ឥណ្ឌាបានប្រកាសឱ្យដឹងថា ប្រទេសខ្លួនបានកំពុងតែត្រូវលុកលុយដោយជំងឺថ្មីមួយប្រភេទទៀតហើយ មានឈ្មោះថា «ផ្តាសាយប៉េងប៉ោះ» ដែលកើតភាគច្រើនទៅកុមារៗតូចៗអាយុក្រោម ៥ ឆ្នាំ។
ក្នុងនោះ បើតាមការឱ្យដឹងបន្ថែមដូច្នេះថា ជំងឺឆ្លងមួយប្រភេទនេះ បានចាប់ផ្តើមរាលដាលក្នុងប្រទេសឥណ្ឌាតាំងពីខែ ឧសភា ឆ្នាំ ២០២២ មកម៉្លេះជាពិសេសនៅក្នុងរដ្ឋ Kerala និងរដ្ឋផ្សេងៗទៀតដូចជា Tamil Nadu, Orissa, Haryana ។
ចំណែកមូលហេតុ ដែលត្រូវគេហៅថា ផ្តាសាយប៉េងប៉ោះនោះគឺ ដោយសារតែពេលឆ្លង គឺភាគច្រើននឹងមានកន្ទួលក្រហមដូចប៉េងប៉ោះដូច្នោះឯង ហើយថែមទាំងមានអាការផ្សេងៗទៀតផងដែរ ដូចជាឈឺពេញខ្លួន ក្តៅខ្លួនជាដើម ជាពិសេសគឺក្មេងអាយុក្រោម ៥ ឆ្នាំពិតជាងាយឆ្លងណាស់ ព្រោះជំងឺនេះ ឆ្លងតាមរយៈការប៉ះពាល់ ដូចជាការប៉ះ និង យករបស់មិនស្អាតមកដាក់មាត់ជាដើម។
វេជ្ជបណ្ឌិតល្បី Julian Tang មកពីសកលវិទ្យាល័យ Leicester ប្រទេសអង់គ្លេស បានឱ្យដឹងថាផ្តាសាយប៉េងប៉ោះនេះ មិនមានអ្វីពាក់ព័ន្ធជាមួយនឹងជំងឺអ៊ុតស្វាយនោះទេ ហើយវាក៏មិនមែនជាជំងឺប្រភេទថ្មីនោះដែរ គឺវាស្រដៀងទៅនឹងប្រភេទ Coxsackie A16 ដែលធ្លាប់រីករាលដាលនៅប្រទេសចិន។
យ៉ាងណាមិញ ខាងគ្រូពេទ្យក៏បានប្រាប់ដូចគ្នាថា បើសិនជាប្រទះមានឃើញកើតជំងឺនេះ អាណាព្យាបាលត្រូវតែប្រុងប្រយ័ត្នឱ្យមែនទែន កុំឱ្យមានការអេះ និងធ្វើឱ្យកន្ទួល ឬពងបែកបែកឱ្យសោះ ហើយត្រូវប្រញាប់យកទៅមន្ទីរពេទ្យជាបន្ទាន់៕