ឡូយណាស់! លតឆានៅកម្ពុជា ជាប់ក្នុងចំណាត់ថ្នាក់ ៥០ មុខ ជាអាហារតាមផ្លូវល្អ និង ឆ្ងាញ់បំផុត នៅអាស៊ី
វេបសាយសារព័ត៌មានបរទេស CNN កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ថ្មីៗនេះ បានចុះផ្សាយពីអាហារតាមផ្លូវចំនួន ៥០ មុខ ល្អបំផុតនៅតំបន់អាស៊ី ដែលក្នុងនោះមានមុខម្ហូបលតឆានៅកម្ពុជា ដែលជាអាហារពេញនិយម និង តែងទទួលទានជាប្រចាំពីសំណាក់ប្រជាជនកម្ពុជា និង ភ្ញៀវអន្តរជាតិ។
គួរឱ្យដឹងផងដែរថា លតឆា ដែលមានវត្តមាននៅកម្ពុជា ជាធម្មតាគេនិយមឃើញរៀបចំលក់នៅតាមរទេះរុញ ក្នុងផ្សារ និង អាហារដ្ឋានជាច្រើនតាមដងវិថី ដែលមានសាច់លតខ្លីៗ ឆាច្របល់ជាមួយ ខាត់ណាខៀវ សណ្តែកបណ្តុះ ម្ទេស ខ្ទឹម និង សាច់គោ ព្រមទាំងដាក់ពងមាន់ចៀន និង ទឹកជ្រលក់ពិសេស ថែមទាំងទឹកម្ទេសក្រហមដែលមានរសជាតិជូរបែបខ្មែរ ជួយបង្កើនកម្រិតអាហារឱ្យកាន់តែឆ្ងាញ់មួយកម្រិតទៀត។
ទន្ទឹមទៅនឹងចំណាត់ចំនួន ៥ មុខនេះ ក៏មានវត្តមានប្រទេសជិតខាងកម្ពុជាផងដែរ ដែលក្នុងនោះ ប្រទេសឡាវជាប់អាហារចំនួន ០២ មុខ ប្រទេសថៃជាប់ចំនួន ០៣ មុខ និង អាហារនៅប្រទេសវៀតណាមជាប់ចំនួន ០៣ មុខ៕