គួរឱ្យបារម្ភ! ពាក់កណ្ដាលដែនដីប្រទេសចិន រងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ស្របពេលរលកកម្ដៅកាន់តែក្ដៅ
ទិន្នន័យផ្លូវការ បានបង្ហាញឱ្យឃើញថា ៥០ ភាគរយនៃដែនដីប្រទេសចិន គឺស្ថិតក្រោមការប៉ះពាល់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដោយក្នុងនោះរួមមានទាំងផ្នែកខ្លះនៃខ្ពង់រាបទីបេ។
កាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្រសួងកសិកម្មប្រទេសចិន បានឱ្យដឹងថា ភាគខាងត្បូងប្រទេស បានកត់ត្រារយៈពេលវែងបំផុតនៃការបន្តកើនឡើងសីតុណ្ហភាព គិតចាប់តាំងពីអាកាសធាតុបែបនេះកើតមានឡើងកាលពី ៦០ ឆ្នាំមុនមក។
ជាមួយគ្នានោះដែរ បើតាមមណ្ឌលផ្នែកអាកាសធាតុប្រចាំប្រទេសចិន ក៏បាននិយាយនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅថា ប្រមាណពាក់កណ្ដាលនៃដែនដីប្រទេសចិន គឺជួបប្រទះនឹងគ្រោះរាំងស្ងួត។ ដែនដីនៅភាគខាងត្បូងប្រទេស រួមមានទាំងខ្ពង់រាបទីបេ គឺទទួលរងស្ថានភាពរាំងស្ងួតដ៏អាក្រក់ចម្លែកមិនធ្លាប់មាន។
តំបន់ដែលរងផលប៉ះពាល់ខ្លាំងក្លាបំផុតនោះគឺ ទន្លេ Yangtze ដែលលាតសន្ធឹងពីឈូងសមុទ្រក្រុងសៀងហៃ ទៅខេត្ត Shichuan។ តំបន់ទាំងនោះ គឺជាទីជម្រកនៃមនុស្សប្រមាណជាង ៣៧០ លាននាក់ ដែលគ្រោះរាំងស្ងួតនេះ បង្កជាផលលំបាក និងការព្រួយបារម្ភយ៉ាងខ្លាំងដល់ជីវិតរស់នៅរបស់ប្រជាជន។
តាមខាងឧតុនិយមរបស់ចិន បានព្យាករណ៍ថា សីតុណ្ហភាពនឹងបន្តហក់ឡើងដល់ខ្ទង់ ៤០ អង្សាសេនៅទីក្រុង Chongqing និង ខេត្ត Sichuan, Jiangxi និង Zhejiang នៅក្នុងថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០២២ នេះ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្នខាងអាជ្ញាធរចិន បានធ្វើការបញ្ជូនរថយន្តជំនួយ ផ្ដល់ជាទឹក និង ស្បៀងអាហារ ដល់តំបន់ដាច់ស្រយាលនាខេត្ត Sichuan និង Chongqing រួមជាមួយតំបន់ភ្នំមួយចំនួនទៀត ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួតនេះ៕