ដំណឹងល្អ សម្រាប់បងប្អូនខ្មែរស្រឡាញ់វិស័យផលិតភាពយន្ត ចូលរួមប្រកួតកម្មវិធីនេះឱកាសឈ្នះ ៥ ពាន់ដុល្លារ
តើអ្នកណាខ្លះជាអ្នកស្នេហាវិស័យផលិតភាពយន្ត? នេះជាដំណឹងល្អមួយ សម្រាប់បងប្អូនប្រុសស្រីដែលស្រឡាញ់វិស័យផលិតភាពយន្ត ក្រោយក្រុមហ៊ុន Purin Pictures ប្រទេសថៃ បានប្រកាសជ្រើសរើសបេក្ខភាព ១២ ក្រុមដើម្បីចូលរួមការប្រកួតផលិតខ្សែភាពយន្តខ្នាតខ្លី ជាមួយសិក្ខាសាលា Short-Film Camp រយៈពេល ១០ ថ្ងៃ។
កម្មវិធី ជុំរុំភាពយន្តខ្នាខ្លីនេះ នឹងចាប់ទទួលពាក្យចាប់ពីថ្ងៃទី ១០ សីហា រហូតដល់ ១៥ កញ្ញា ឆ្នាំ ២០២២ ហើយមកពីប្រទេសអាស៊ីចំនួន ៤ ដូចជា ខ្មែរ ឡាវ ភូមា និងថៃ។ ដោយកម្មវិធីនឹងធ្វើឡើងរយៈពេល ១០ ថ្ងៃគឺចាប់ពីថ្ងៃទី ២ ដល់ ១២ ធ្នូ ឆ្នាំ ២០២២ នៅទីក្រុងបាងកក ប្រទេសថៃ។
ហើយមានតែបេក្ខភាព ១២ ក្រុមប៉ុណ្ណោះដែលត្រូវជ្រើសរើសចូលប្រកួត ក្រោមការបង្ហាត់បង្រៀននឹងណែនាំពីអ្នកដឹកនាំភាពយន្តជំនាញ និងមានបទពិសោធន៍រាប់ឆ្នាំ។ បេក្ខភាពទាំងអស់អាចដាក់ពាក្យម្នាក់ឯង និងជាក្រុម ហើយមានអាយុតិចជាង ៣០ ឆ្នាំ ដោយភ្ជាប់ជាមួយឯកសារមួយចំនួន និងស្នាដៃភាពយន្តខ្នាតខ្លីដែលធ្លាប់ផលិតពីមុន។
អ្នកឈ្នះនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥០០០ ដុល្លារ ហើយនឹងទទួលបានកិច្ចសហការផលិតភាពយន្តជាមួយក្រុមហ៊ុន White Light Post និង Kantana Sound Studio។