ផ្ទុះការសរសើរ! ភ្លៀងសឹងបាក់មេឃ តែប្រឡាយស្ទឹងមានជ័យ គ្មានគំនរសំរាមអណ្ដែត មិនចាញ់នៅជប៉ុន
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញនេះ នៅតាមបណ្ដាខេត្តនានា ក៏ដូចជាផ្នែកខ្លះនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានភ្លៀងធ្លាក់ជោគជាំជាហូរហែ ដែលបណ្ដាលមកពីឥទ្ធិពលធម្មជាតិ នៃរដូវវស្សា ស្របតាមការព្យាករណ៍ទុក របស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលបានជូនដំណឹងកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។
ទន្ទឹមនោះ ក្រោយពីភ្លៀងធ្លាក់មួយប្រាវ បានស្រោចស្រព ទឹកប្រឡាយនៅស្ទឹងមានជ័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បណ្ដាលឱ្យទឹកហក់ឡើងគួរឱ្យកត់សម្គាល់។ អ្វីដែលកាន់តែពិសេសទៀតនោះ គេសង្កេតឃើញថា នៅទីតាំងប្រឡាយទឹក គ្មានសំរាមហូរអណ្ដែតសូម្បីមួយ។ នេះបើតាមការផ្ដល់រូបភាពផ្ទាល់ពីអាជ្ញាធរសាលាសង្កាត់ស្ទឹងមានជ័យ។
ការរក្សាបាននូវសណ្ដាប់ធ្នាប់ និង ការអនាម័យនេះហើយ បានធ្វើឱ្យមហាជននាំគ្នា កោតសរសើរអ្នកនៅតំបន់នោះ ដែលរស់នៅចេះស្រឡាញ់ និង ជួយចូលរួមថែរក្សាបរិស្ថាន បន្តឱ្យប្រឡាយទឹក ស្ថិតនៅក្នុងក្រុង នៅតែមានភាពស្រស់ស្អាត និង សោភណ្ឌភាព ទុកគ្រាន់ជាចំណីចក្ខុពេលជិះកាត់ម្ដងម្កាល៕