អ្ហ៊ឹះ! ប្រទះឃើញ ដានជើងដាយណូស័រអាយុកាល ១១៣ លានឆ្នាំមុននៅ Texas
ដានជើងដាយណូស័រអាយុកាលប្រមាណជា ១១៣ លានឆ្នាំមុន ត្រូវបានប្រទះឃើញនៅឯឧទ្យាន Dinosaur Valley State Park ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ក្រោយការជួបប្រទះនឹងគ្រោះរាំងស្ងួតដ៏អាក្រក់។
បើតាមការបញ្ជាក់របស់លោកស្រី Stephanie Salinas Garcia អ្នកនាំពាក្យរបស់ឧទ្យានខាងលើ ថ្លែងប្រាប់សារព័ត៌មាន CNN ថា៖ «ភាគច្រើននៃដានជើងដែលប្រទះឃើញនាពេលថ្មីៗនេះ គឺជារបស់ដាយណូស័រប្រភេទ Acrocanthosaurus។ សត្វដាយណូស័រប្រភេទនេះ អាចឈរជើង ២ បាន ក្រោយពេលពេញវ័យ។ ពួកវាអាចមានកម្ពស់រហូតដល់ជិត ៥ ម៉ែត្រ និង អាចមានទម្ងន់ដល់ ៧ តោន»។
លោកស្រី Garcia បានឱ្យដឹងទៀតថា ដានជើងខ្លះ ដែលរកឃើញក្នុងឧទ្យានមួយនេះ គឺជារបស់ដាយណូស័រមួយប្រភេទទៀតឈ្មោះ Sauroposidon ដែលជាសត្វដាយណូស័រប្រភេទកវែង មានកម្ពស់រហូតដល់ ១៨ ម៉ែត្រ និង ទម្ងន់ដល់ជិត ៥០ តោន ពេលពេញវ័យ។
គួរឱ្យដឹងថា បញ្ហាគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតនារដូវក្ដៅនេះ បានបណ្ដាលឱ្យទន្លេនៅឧទ្យានមួយនេះរីងស្ងួតហួតហែង ទើបធ្វើឱ្យមានការប្រទះឃើញដានជើងដាយណូស័រដ៏គួរឱ្យភ្ញាក់ផ្អើលនេះ។
បើតាមផ្នែកពិនិត្យគ្រោះរាំងស្ងួតប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រមាណជាជាង ៦០ ភាគរយនៃរដ្ឋ Texas គឺទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរកាលពីសប្ដាហ៍មុន ហើយប៉ុន្មានថ្ងៃថ្មីៗនេះទៀតសោត ក៏មានការប៉ះពាល់ដោយរលកកម្ដៅ ធ្វើឱ្យសីតុណ្ហភាពហក់ឡើងខ្ពស់ បណ្ដាលឱ្យពលរដ្ឋរាប់ពាន់លាននាក់ រងការព្រមានពីកម្ដៅដ៏ក្ដៅខ្លាំងនេះ៕