លោក សាន្ត ប៊ុនធឿន ចេញមុខទទួលស្គាល់កំហុស និងបកស្រាយថា រៀនធ្វើ Prank
កាលពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជនអ្នកលេងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន្ត ប៊ុនធឿន ចេញពីក្របខណ្ឌកងទ័ព ក្រោយលោក សាន្ត ប៊ុនធឿន ដែលជាចាងហ្វាងសារព័ត៌មានមួយរូប បានផឹកស្រាស្រវឹងបោកចាន និង ស្រែកជេរតាមបណ្តាញសង្គម។
ទន្ទឺមនោះ នៅថ្ងៃខែឆ្នាំដដែល តាមរយៈគណនីលោកចាងហ្វាងសារព័ត៍មាន បានចេញវីដេអូបកស្រាយ និងធ្វើការសុំទោស ព្រមទាំងសរសេរបញ្ជាក់ថា ៖ «ខ្ញុំបាទសាន្ត ប៊ុនធឿន សូមទទួលកំហុស និង សុំទោសដល់សម្តេចពុក និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងសាធារណៈជនទាំងអស់ នូវកំហុសខុសឆ្គងដែលខ្ញុំបានប្រព្រឹត្ត នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ ពីព្រោះជា video Prank»។
គួររំឭកផងដែរថា សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំង តាមរយៈកាយវិការចាងហ្វាងរូបនេះ ព្រមទាំងបានបង្ហោះសារបែបនេះថា ៖ «ចរិតពាលរបស់សាន ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។ ដើម្បីជួយដល់ សាន ប៊ុនធឿន និងប្រពន្ធកូនខ្ញុំ និងភរិយាបានជួយលុយដើម្បី សាន ប៊ុនធឿន ទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក។ ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឱ្យស៊ីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះ ខ្ញុំបានបញ្ជាឱ្យមេបញ្ជាការអង្គរក្សស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខណ័្ឌកងទ័ព»៕