ក្ដៅៗ! មុននេះ ឆេះរោងចក្រផលិតកញ្ចប់នំមួយនៅថៃ បុគ្គលិកជាង ១០០ នាក់ ត្រូវជម្លៀសចេញភ្លាមៗ
នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ នេះ មានព័ត៌មានបានរាយការណ៍មកថា ប្រទេសថៃបានប្រទះអគ្គីភ័យមួយយ៉ាងសន្ធោសន្ធៅទៀតហើយ ដោយជាការឆាបឆេះរោងចក្រផលិតកញ្ចប់នំមួយកន្លែង នាខេត្តប្រាជីនបុរី បង្កឱ្យមានការភ្ញាក់ផ្អើលជ្រួលច្របល់ជាខ្លាំង។
តាមព័ត៌មានបានឱ្យដឹងថា រោងចក្រដែលកំពុងឆាបឆេះមួយនេះ គឺជារោងចក្រដែលផលិតកញ្ចប់នំ ឱ្យទៅរោងចក្រមួយទៀតដែលនៅក្បែរនោះ ហើយនៅពេលកើតហេតុ គេបានប្រទះឃើញផ្សែងខ្មៅខ្មួលខ្មាញ់ជាច្រើន បានត្របាញ់ចេញពីក្រោយឃ្លាំងរោងចក្រនេះឯង។
ក្នុងនោះ ភ្លាមៗបុគ្គលិកជាង ១០០ នាក់ ត្រូវបានគេជម្លៀសចេញពីកន្លែងកើតហេតុ ជាមួយនឹងប្រជាជនមួយចំនួនដែលនៅក្បែរនោះ ដោយអាជ្ញាធរប្រចាំតំបន់បានអះអាងថា ផ្សែងទាំងនេះ គឺផ្ទុកទៅដោយសារធាតុគីមី បើសិនជាហិត ឬប៉ះពាល់នោះ គឺអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាព ដែលមានដូចជារលាកច្រមុះ ឈឺក្បាល និងអាចធ្វើឱ្យរលាកស្បែកទៀតផង។
យ៉ាងណាមិញ អាជ្ញាធរប្រចាំតំបន់ ក៏បានបញ្ចូនឡានទឹក ៣ គ្រឿងទៅសង្គ្រោះស្ថានការណ៍នៅកន្លែងកើតហេតុផងដែរ ប៉ុន្តែការឆេះមួយនេះ នៅមិនទាន់គ្រប់គ្រងបាននៅឡើយទេ។
ចំណែកមូលហេតុនៃការបង្កឱ្យមានអគ្គិភ័យមួយនេះ ត្រូវបានគេសន្និដ្ឋានថា អាចកើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី ឆេះចូលទៅដល់គ្រឿងម៉ាស៊ីន ហើយនៅក្នុងរោងចក្រនោះ មានទាំង សាំង កាវ ប្លាស្ទិក ទើបគេបារម្ភថា វាអាចនឹងមានការឆាបឆួលខ្លាំងជាងនេះទៅទៀត៕