ត្រៀមៗ! វេទិកាដ៏ធំ នឹងលេចមុខនៅបាត់ដំបងឆាប់ៗនេះ ក្រោយសាងសង់ទាំងយប់ទាំងថ្ងៃ ឱ្យរួចមុនអុំទូក
រដ្ឋបាលខេត្តបាត់ដំបងបានបញ្ជាក់ឱ្យបានដឹងថា គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមការងារសាងសង់វេទិកាអុំទូកបាត់ដំបង បានចាប់ផ្ដើមដំឡើងជហ្វាកំពូលដំបូលវេទិកាអុំទូកបាត់ដំបង ព្រមទាំងព្យាយាមសាងសង់ទាំងយប់ទាំងថ្ងៃ ស្របពេលដែលគម្រោងនេះ នឹងសាងសង់ឱ្យហើយរួចរាល់មុនព្រឹត្តិការណ៍បុណ្យអុំទូក បណ្ដែតប្រទីប ដែលរដ្ឋបាលខេត្តបាត់ដំបង នឹងប្រារព្ធរៀបចំធ្វើឡើង។
គួរឱ្យដឹងផងដែរថា រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីអុំទូកបណ្ដែតប្រទីបលើកទី ២១ ដែលនឹងគ្រោងរៀបចំនៅចំថ្ងៃពិធីបុណ្យចេញព្រះវស្សា នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង ក្រោយខកខានប្រារព្ធពិធីអុំទូក បណ្ដែតប្រទីប នៅខេត្តបាត់ដំបង អស់រយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ដោយសារវិបត្តិជំងឺកូវីដ-១៩ បានផ្ទុះរីករាលដាលទូទាំងសាកលលោក។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ឱ្យបានដឹងថា មិនខុសពីបណ្ដាឆ្នាំកន្លងទៅដែរ នៅឆ្នាំនេះ ក៏នឹងមានការរៀបចំការតាំងពិព័រណ៌ផលិតផល កម្មវិធីកម្សាន្តនានា ក៏ដូចជាការបាញ់កាំជ្រួចរយៈពេលពីរយប់ និង កម្មវិធីបណ្ដែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សាផងដែរ៕